ឯកឧត្តម គួច ចំរើន ជំរុញឱ្យអាជ្ញាធរក្រុង ស្រុកបង្កើតសួនឧទ្យាននៅមូលដ្ឋានខ្លួន ដើម្បីទាក់ទាញភ្ញៀវទេសចរ
AKP កណ្តាល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--
ថ្លែងនៅក្នុងកិច្ចប្រជុំគណៈអភិបាលខេត្តកណ្ដាល កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល បានគូសបញ្ជាក់ថា ដោយយោងតាមអនុសាសន៍ណែនាំរបស់ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ក្នុងការបង្កើតតំបន់ឧទ្យាននៅភូមិសាស្ត្រខេត្តកណ្តាល។

ដូច្នេះអាជ្ញាធរក្រុង ស្រុកទាំង១៣ ត្រូវបន្តខិតខំស្វែងរកទីតាំងដែលសមស្រប ដើម្បីបង្កើតជាសួនឧទ្យាននៅមូលដ្ឋានខ្លួន ប្រយោជន៍ដើម្បីទាក់ទាញភ្ញៀវទេសចរ និងជាកន្លែងកម្សាន្តសម្រាប់ប្រជាពលរដ្ឋ។ ឯកឧត្តមអភិបាលខេត្តបានធ្វើការស្នើដល់បណ្តាក្រុង ស្រុកទាំងអស់ត្រូវខិតខំរកទីតាំងដែលសាកសម្រាប់ទុកធ្វើជាសួនឧទ្យានឱ្យបានច្រើនកន្លែង ហើយធ្វើការចុះបញ្ជីទុកហើយបានល្អប្រសើរ ទុកសម្រាប់ជ្រើសរើសទីតាំងដែលល្អជាងគេ ដាក់ឆ្លងយោបល់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ដើម្បីសម្រេចជ្រើសរើសទីតាំងមួយណាធ្វើជាសួនឧស្យាន តាមបណ្ដាក្រុង-ស្រុកនានាក្នុងខេត្តកណ្ដាល។

ឯកឧត្តមបានធ្វើការក្រើនរំលឹកទៅដល់ក្រុង ស្រុកណាដែលមិនទាន់មានទីតាំងសម្រាប់ធ្វើសួនឧទ្យាន ត្រូវបន្តខិតខំយកចិត្តទុកដាក់ខ្ពស់បន្ថែមទៀត ក្នុងការរកទីតាំង ដោយត្រូវសិក្សាលម្អិតក្នុងសាងសង់ កែល្អតាមមតិអង្គប្រជុំ ជាពិសេសត្រូវបន្តការខិតខំការដោះស្រាយបញ្ហាវិវាទដីធ្លីឱ្យបានចប់រួចរាល់កុំឱ្យអូសបន្លាយពេលតទៅទៀត។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់បន្ថែមថា ការរៀបចំឱ្យមានទីតាំង សួនឧទ្យាននៅតាមបណ្តាក្រុង ស្រុក គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជំរុញការអភិវឌ្ឍពហុវិស័យ និងលើកកម្ពស់សោភ័ណភាព ដោយធ្វើការកែសម្រួលដីរដ្ឋដែលអស់សុពលភាពប្រើប្រាស់ ឱ្យទៅជាអាងស្តុកទឹកបម្រើការងារស្រោចស្រព អភិរក្សពូជត្រី មជ្ឈមណ្ឌលកីឡដ្ឋាន សួនបណ្តុះកូនឈើ ឧទ្យានដាំឈើចម្រុះគ្រប់ប្រភេទ ជាតំបន់កសិទេសចរណ៍ និងតំបន់អភិរក្សជីវចម្រុះគ្រប់ប្រភេទជាដើម៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





