រដ្ឋសភាប្រកាសលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាព របស់គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃប្រទេសម៉ាឡេស៊ី នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--
រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានប្រកាស លទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងមិត្តភាពរបស់ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា នៃប្រទេសម៉ាឡេស៊ី នៅព្រះរាជាណាចក្រកម្ពុជា។យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ អគ្គលេខាធិការដ្ឋានរដ្ឋសភានៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥បានលើកឡើងថាតបតាម ការអញ្ជើញរបស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួ ន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តមបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល (H.E. Tan Sri Dato' (Dr.) Johari Bin Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាម៉ាឡេស៊ី អញ្ជើញមកបំពេញ ទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ដោយ ទទួលបានលទ្ធផលផ្លែផ្កាគួរជាទីមោទនៈ ក្នុងការរឹតចំណងមិត្តភាព កិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិ និង នីតិប្រតិបត្តិនៃប្រទេសទាំងពីរ កម្ពុជា-ម៉ាឡេស៊ី ឱ្យកាន់តែរឹងមាំនិងរីកចម្រើនឡើង ដោយយកប្រជាពលរដ្ឋជាស្នូល។

ប្រភពបានបន្តថា នៅក្នុងអំឡុងពេលនៃទស្សនកិច្ចនេះ ឯកឧត្តមបណ្ឌិត តាន់ស៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី មានសកម្មភាពការងារសំខាន់ៗជាច្រើនដូចជា៖ ១-បានអញ្ជើញជួបសម្តែងការគួរសមជាមួយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន ព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ។ ២-បានអញ្ជើញជួបសម្តែងការគួរសម និងជំនួបចរចាទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។ ៣-បានអញ្ជើញជួបសម្តែងការគួរសមពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយក រដ្ឋមន្ត្រី។ ៤-បានជួបពិភាក្សាការងារជាមួយ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រី និងជាប្រធានមូលនិធិ អភិវឌ្ឍន៍មូស្លីមកម្ពុជា ផងដែរ។

ដោយឡែកនៅក្នុងជំនួបចរចាទ្វេភាគីជាមួយ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ប្រធានរដ្ឋសភានៃប្រទេសទាំងពីរ បានជួបពិភាក្សាគ្នា ក្រោមបរិយាកាស រីករាយ ជិតស្និទ្ធ បើកចំហរ និងសាមគ្គីភាព នៅក្នុងការពង្រឹងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការស្ថាប័នរដ្ឋសភា ប្រទេសទាំងពីរឱ្យរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ឯកឧត្តមបណ្ឌិត តាន់ស្រី ជាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទទួលស្វាគមន៍ដ៏កក់ក្តៅ និងបានកោតសរសើរពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ហើយបាននិងកំពុងបន្តវេនដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃនីតិកាលទី៧ របស់រដ្ឋសភា ដែលជាថ្នាក់ដឹកនាំវ័យក្មេង ឈ្លាសវៃ មានថាមវ័ន្ត និងមានភាពស្វាហាប់ប្រកបដោយចក្ខុវិស័យច្បាស់លាស់ ក្នុងការដឹកនាំកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានថ្លែងអំណរគុណចំពោះប្រទេសម៉ាឡេស៊ី ដែលបានចូលរួមចំណែកស្វែងរកសុខសន្តិភាពជូនកម្ពុជា និងបានគាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជារហូតមក។

ជាមួយគ្នានេះ សម្តេចបានអរគុណប្រទេសម៉ាឡេស៊ី ដែលបានយកចិត្តទុកដាក់គាំពារពលរដ្ឋខ្មែរ ដែលកំពុងធ្វើការនៅម៉ាឡេស៊ី បាន យ៉ាងកក់ក្តៅដូចជាពលរដ្ឋរបស់ខ្លួនដូច្នេះដែរ។ សម្តេចបានស្នើប្រធានរដ្ឋសភាម៉ាឡេស៊ី ជួយទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី មកបណ្តាក់ទុន និងទស្សនាកម្ពុជាបន្ថែមទៀត ព្រមទាំងជួយផ្តល់បន្ថែមអាហារូបករណ៍ ដល់សិស្សនិស្សិតនិងមន្ត្រីរាជការកម្ពុជាបានទៅសិក្សានៅម៉ាឡេស៊ី ឱ្យបានកាន់តែច្រើនថែមទៀត។
ឯកឧត្តមបណ្ឌិត តាន់ស្រី ជាភូ ហ្សូហារី ប៊ីន អាប់ឌុល បានគាំទ្រប្រសាសន៍លើកឡើងរបស់ សម្តេច ប្រធានរដ្ឋសភា និងបានសន្យាថា នឹងខិតខំទាក់ទាញអ្នកទេសចរ អ្នកវិនិយោគម៉ាឡេស៊ី បន្ថែមទៀត មកកម្ពុជា ហើយករណីអាហារូបករណ៍ក៏នឹងជួយជំរុញបន្ថែមផងដែរ។ ក្នុងនាមជាប្រធានអោយប៉ាលើកទី៤៦ ឯកឧត្តមបណ្ឌិតប្រធានរដ្ឋសភាម៉ាឡេស៊ី បានជូនលិខិតអញ្ជើញ សម្តេចប្រធានរដ្ឋសភា ដើម្បីដឹកនាំគណៈប្រតិភូសភាកម្ពុជា ទៅចូលរួមមហាសន្និបាតអោយប៉ាលើកទី៤៦ នៅ ប្រទេសម៉ាឡេស៊ី នៅចុងឆ្នាំ២០២៥នេះ។

ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ពីតួនាទីដ៏សំខាន់របស់សភាកម្ពុជា នៅក្នុងមហាសន្និបាតអោយប៉ា ហើយថា វត្តមានគណៈប្រតិភូសភាកម្ពុជា គឺជាកិត្តិយសដ៏ធំធេង របស់ម៉ាឡេស៊ី។ សម្តេចបានលើកឡើងពីភាពជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំសម័យប្រជុំប្រចាំឆ្នាំលើកទី១១ នៃ សភាអន្តរជាតិដើម្បីភាពអត់ឱននិងសន្តិភាព (IPTP) កាលពីពេលថ្មីៗនេះ ដោយបានសម្រេចដាក់ចេញនូវសេចក្តី ប្រកាសរាជធានីភ្នំពេញ និងធម្មនុញ្ញសន្តិភាពសកល ដែលជាគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន មគ្គទេសក៍និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើមរបស់កម្ពុជា។ សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា សន្តិភាព ជាតម្រូវការរបស់មនុស្សជាតិទូទាំងសកលលោក គ្មានប្រទេសណាមួយមិនត្រូវការសន្តិភាពនោះឡើយ។

ឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី បានបង្ហាញនូវការគោរពយ៉ាងខ្ពង់ខ្ពស់នូវពលិកម្ម និងទស្សនវិស័យវែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ចំពោះសន្តិភាព ។ សម្តេចមហារដ្ឋសភាធិការធិបតី បានមានប្រសាសន៍លើកឡើងថា ជាមួយនឹងការដឹកនាំដ៏ឈ្លាសវៃ និង ប្រកបដោយចក្ខុវិស័យច្បាស់លាស់របស់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងថ្នាក់ដឹកនាំនៃ ប្រទេសម៉ាឡេស៊ី កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ ជាពិសេសរវាងស្ថាប័ននីតិប្បញ្ញត្តិ នឹង ត្រូវបានលើកកម្ពស់ ពង្រឹង និងពង្រីកកាន់តែទូលំទូលាយ និងស៊ីជម្រៅបន្ថែមទៀត ដោយផ្អែកលើការជឿទុកចិត្តគ្នា គោរពគ្នាទៅវិញទៅមក និងនាំមកនូវផលប្រយោជន៍រួមសម្រាប់ប្រទេស និងប្រជាជនទាំងសងខាង៕
ដោយ៖ ប៊ុនរិទ្ធ





