ស្ពានឈើ និងស្ពានដែក តូចចង្អៀតចាស់ទ្រុឌទ្រោមឡើងទៅរមនីយដ្ឋានគិរីរម្យជំនួសដោយបេតុងធំទូលាយរឹងមាំ
AKP ភ្នំពេញ ថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៥--
ជាអទិភាព និងតម្រូវការជាក់ស្តែង ស្ពានឈើ និងស្ពានដែក តូចចង្អៀត ចាស់ទ្រុឌទ្រោម ត្រូវបានជំនួសដោយបេតុងធំទូលាយ រឹងមាំ លើកំណាត់ផ្លូវជាតិលេខ៤៦ ដែលជាផ្លូវឡើងទៅឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគីរីរម្យ(ឧទ្យានជាតិគីរីរម្យ) សថិតនៅភូមិថ្មី ឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

គម្រោងស្ថាបនាស្ពានបេតុង ២កន្លែងនេះ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺនេះ រួមមាន៖ ស្ពានទី១ ប្រវែង១៨ម៉ែត្រ ទទឹង៩ម៉ែត្រ ត្រង់គ.ម១៤+១០០(ស្ពានអូរកសេះ) និងស្ពានទី២ ប្រវែង៣៦ម៉ែត្រ ទទឹង ៩ម៉ែត្រ ត្រង់គ.ម២២+៥០០(ស្ពានអូរតាសេក)។

ស្ពានដ៏គត់មត់នេះ សម្រេចការសាងសង់ជាង៨០%ហើយ ក្រោយដំណើរការបើកការដ្ឋានស្ថាបនាកាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៤។ ការដ្ឋានគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែមីនា ឆ្នាំ២០២៥នេះ នឹងដាក់ឱ្យដំណើរការប្រើប្រាស់នៅមុនពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរខាងមុខនេះ៕

ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ក្រសួងសាធារណការ





