ឯកឧត្តម នេត្រ ភក្ត្រា៖ យើងទាំងអស់គ្នាត្រូវចូលរួមអនុវត្តយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជាសម្រេចចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០
AKP ក្រចេះ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥–ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា យើងទាំងអស់គ្នា ត្រូវចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលដាក់ចុះដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីឱ្យកម្ពុជាសម្រេចចក្ខុវិស័យឆ្នាំ២០៥០ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

តាមរយៈកម្មវិធីនយោបាយ និងផែនការច្បាស់របស់នៅក្នុងរយៈពេលជាង ១៦ខែកន្លងមកនេះ អាចវាយតម្លៃបានហើយសម្រាប់ការដឹកនាំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី គឺសម្រេចបានសមិទ្ធផលថ្មីៗច្រើនទៀតជូនជាតិមាតុភូមិ។ ការ លើកឡើងបែបនេះរបស់ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានធ្វើឡើងក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តក្រចេះ នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ។
ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានលើកឡើងយ៉ាងដូច្នេះថា៖ «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលរៀបចំឡើងឈរលើមូលដ្ឋាននៃដំណើរកម្ពុជារយៈពេល ៤៤ ឆ្នាំមកនេះ និងសម្លឹងទៅមុខរយៈពេល ២៥ ឆ្នាំខាងមុខ និងសម្រេចក្ខុវិស័យឆ្នាំ២០៥០ ដោយប្រែក្លាយកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០»។

នាឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ឆ្នាំ២០២៥ ជាឆ្នាំទី២ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលជារបៀបវារៈនយោបាយដ៏មានសារៈសំខាន់សម្រាប់ការគ្រប់គ្រងដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងនាំប្រទេសជាតិឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យជាបន្តទៀតប្រកបដោយភាពធន់ សមធម៌ និងមាននិរន្តរភាព។ ក្នុងនោះស្នូលនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺផ្តោតលើការកែទម្រង់ ការពង្រឹងអភិបាលកិច្ច និងការធ្វើទំនើបកម្មស្ថាប័នរដ្ឋឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើប ប្រកបដោយសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដែលជាមូលដ្ឋានគ្រឹះដើម្បីធានាសម្រេចបាននូវការអភិវឌ្ឍដោយចីរភាពលើគ្រប់វិស័យ។

«ការកំណត់ទីតាំង ការស្គាល់ទីតាំងដែលកម្ពុជា កំពុងឈរ វាគឺជាផ្នែកមួយយ៉ាងសំខាន់នៅក្នុងការគាំទ្រទៅលើដំណើររបស់យើងទៅមុខទៀត ពីព្រោះរដ្ឋបាលសាធារណរបស់យើង ដំណើរការនៃការគ្រប់គ្រងជាតិរបស់យើង និងការឆ្លើយតបទៅនឹងការជឿទុកចិត្ត ការបម្រើប្រជាពលរដ្ឋ គឺអត់ឈប់នៅពេលនេះនោះទេ»។ នេះជាការលើកឡើងបន្ថែមរបស់រដ្ឋមន្ត្រី នេត្រ ភក្ត្រា។

ឯកឧត្តម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា បញ្ចកោណទាំង៥ នៃយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារ, ធានាសមធម៌, បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។នាឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបញ្ជាក់ថា សមិទ្ធផលដែលរដ្ឋបាលខេត្តក្រចេះខិតខំសម្រេចបាននេះ បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយក្រសួង ស្ថាប័ន និងរាជរដ្ឋាភិបាល នៅក្នុងការគ្រប់គ្រង និងដឹកនាំប្រទេសជាតិ ឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងការធានាបានយ៉ាងល្អប្រសើរនូវសុខសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ដំណើរការលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងដំណើរការជាប្រក្រតីភាពនូវសកម្មភាពសេដ្ឋកិច្ច សង្គម នយោបាយ ពាណិជ្ជកម្ម និងទំនាក់ទំនងការបរទេសយ៉ាងរស់រវើក និងកាន់តែសកម្មថែមទៀត។


គួរឱ្យដឹងថា រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី បានដឹកនាំចូលដឹកនាំចង្កូតនាវាកម្ពុជា នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ដែលបានដាក់ផែនការយុទ្ធសាស្ត្រ និងបានដាក់ចេញគោលនយោបាយ ដ៏ត្រឹមត្រូវ គ្រប់ជ្រុងជ្រោយ, មានចក្ខុវិស័យវែងឆ្ងាយ និងច្បាស់លាស់ ប្រកបដោយមហិច្ឆតាខ្ពស់ដើម្បីបម្រើប្រទេសជាតិ និងប្រជាជន។ មានសក្តានុពល ថាមពល និងមធ្យោបាយគ្រប់គ្រាន់ និងមានឆន្ទៈខ្ពស់ដើម្បីសម្រេចគោលដៅ។ ជាលទ្ធផលរយៈពេលជាង១៦ខែ ដែលរាជរដ្ឋាភិបាលអាណតិ្តទី៧ ទទួលបានដ៏ធំធេងបំផុតគឺរក្សាបានសន្តិភាព និងស្ថិរភាពនយោបាយ។

សមិទ្ធផលរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ រយៈពេលជាង១៦ខែ បានបង្ហាញអំពីការបំពេញការងាររបស់រាជរដ្ឋាភិបាលនីតិកាលទី៧ កន្លងមកនេះ ដើម្បីធានាឱ្យបានកំណើនសេដ្ឋកិច្ច, បង្កើតការងារឱ្យបានកាន់តែច្រើន សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ បន្តពង្រឹងសមត្ថភាពអភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច។ ទន្ទឹមនេះរាជរដ្ឋាភិបាលកម្ពុជា បានអនុវត្តជាក់ស្តែងនូវគោលនយោបាយអាទិភាពគន្លឹះ ចំនួន៥ គឺផ្តោតមុខព្រួញទៅលើការអភិវឌ្ឍធនធានមនុស្ស, ការអភិវឌ្ឍផ្លូវគមនាគមន៍, ពង្រីកបណ្តាញផ្គត់ផ្គង់ទឹកនិង ភ្លើង ព្រមទាំងបំពាក់បំប៉នបច្ចេកវិទ្យា៕
ដោយ៖ គង់ សិរីរ័ត្ន, រូបថត៖ ឡុង ដេវីត





