កម្មវិធីពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅវិទ្យាល័យតាវែង ស្រុកតាវែង
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--
នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្ររបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានបន្ដរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា» នៅវិទ្យាល័យតាវែង ស្រុកតាវែង ខេត្តរតនគិរី ដោយមានការចូលរួមដាក់ស្ដង់បញ្ជរផ្សព្វផ្សាយពីសំណាក់ស្ថាប័នដៃគូចំនួន០៧ស្ថាប័ន និងបញ្ជរស្ដង់ស្នាដៃសិស្សចំនួន០៥ ។

លោក ឈីវ គឹមសាយ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តរតនគិរី បានមានប្រសាសន៍ថ្លែងអំណរគុណដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ អង្គការភ្លែនអន្ដរជាតិកម្ពុជា និងតំណាងស្ថាប័នរដ្ឋ-ឯកជនទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។ លោកក៏បានលើកឡើងអំពីសារៈសំខាន់ និងគោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍អប់តម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សតាមរយៈការបង្កលក្ខណៈជួបគ្នាដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្ដល់ឱកាសដល់សិស្ស បានសិក្សាស្វែងយល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិផ្ទាល់ខ្លួនបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា និងការរៀបចំផែនការសិក្សា នាពេលខាងមុខ។ ជាមួយគ្នានេះ កម្មវិធីពិព័រណ៍នៅកម្រិតសាលារៀនក៏ជាផ្នែកមួយនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ដែលក្រសួងអប់រំ បាន និងកំពុងផ្ដោតការយកចិត្តទុកដាក់ ក្នុងការជំរុញការអនុវត្តនៅកម្រិតសាលារៀនផងដែរ។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ឈីវ គឹមសាយ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក ហួត វី អភិបាលរងស្រុកតាវែង លោកស្រី ទួន បញ្ញាវត្តី តំណាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ តំណាងអាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលារៀន តំណាងម្ចាស់បញ្ជរស្ដង់ពិព័រណ៍ និងមាតាបិតា អ្នកអាណាព្យាបាលសិស្សចំនួន៥១នាក់ ស្រី២០នាក់ លោកគ្រូអ្នកគ្រូចំនួន១៤នាក់ ស្រី០៥នាក់ ព្រមទាំងសិស្សានុសិស្សចូលរួមទស្សនាសិក្សារៀនសូត្រសរុប៦៣០នាក់ ស្រីជាង ៣២០នាក់។ ហើយការកម្មវិធីនៅវិទ្យាល័យតាវែង ជាគោលដៅទី២ ក្នុងខេត្តរតនគិរី ដែលត្រូវទទួលការគាំទ្រក្នុងការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ក្នុងឆ្នាំសិក្សាថ្មីនេះ៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)




