ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់
AKP បន្ទាយមានជ័យ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--
ទីលានទុកដាក់សំរាមក្រុងសិរីសោភ័ណ នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាប ជំហានទី២ ក្រោមកម្ចីឥណទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ីមានតម្លៃប្រមាណជាង៦លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាព ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានការចូលរួមពីលោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មន្ទីរ-ស្ថាប័នពាក់ព័ន្ធជុំវិញខេត្ត សិស្សានុសិស្សប្រជាពលរដ្ឋជាច្រើននាក់ ធ្វើឡើងនៅបរិវេណទីលានទុកដាក់សំរាម ស្ថិតនៅភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការដែលមានទីលានទុកដាក់សំរាមមួយបានត្រឹមត្រូវស្របតាមបរិស្ថានបច្ចេកទេសនេះ ពិតជាបានរួមចំណែកកាត់បន្ថយបញ្ហាប្រឈមទៅដល់កត្តាសុខភាពបញ្ហាពុល ការបំផ្លាញបរិស្ថាន ព្រមទាំងការធ្វើឱ្យទីក្រុងមានភាពស្រស់បំព្រងជាប្រយោជន៍សាធារណៈផ្តោតទៅលើសុខុមាលភាពអនាម័យសណ្តាប់ធ្នាប់សម្រាប់ប្រជាពលរដ្ឋនៅក្នុងក្រុង ហើយគម្រោងនេះក៏មានការចូលរួមចំណែកការពារសំដៅធ្វើយ៉ាងណាឱ្យហេដ្ឋារចនាសម្ព័ន្ធទទួលបាននូវការប្រើប្រាស់បានគង់វង្សយូរអង្វែងនោះ។

សូមជម្រាបជូនថាទីលានទុកដាក់សំរាមស្ថិតនៅក្នុងភូមិកងវ៉ា សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ ដោយត្រូវបានចាប់ផ្តើមសាងសង់អំឡុងមុនដំណាច់ឆ្នាំ២០២៣ បញ្ចប់ការសាងសង់ឱ្យរួចរាល់១០០ភាគរយមុនដំណាច់ឆ្នាំ២០២៤ ដែលទីលានទុកដាក់សំរាមនេះសាងសង់ឡើងនៅលើផ្ទៃដីសរុបទំហំ១១ហិកតាក្នុងនោះ១០ហិកតាសាងសង់ទីលានទុកដាក់សំរាម១ហិកតាសម្រាប់សាងសង់អគារប្រតិបត្តិការ ឱ្យដាក់ប្រើប្រាស់រហូតដល់ឆ្នាំ ២០៥០ សម្រាប់ប្រជាជន ប្រមាណជាង ១២៨២០៨ នាក់ រស់នៅក្នុងសង្កាត់ម្កាក់ កំពង់ស្វាយ ព្រះពន្លា ទឹកថ្លា អូរអំបិល ភ្នៀត កោះពងសត្វ ក្នុងក្រុងសិរីសោភ័ណ។ ហើយសមត្ថភាពអាចផ្ទុកសំរាមទាំងស្តុក និង ញែកសំរាមសរុប២៨៦៨០០តោន ដែលអាចដឹកសំរាមចូលទីលានបាន១ថ្ងៃ ៥០តោន និងសំរាមដែលត្រូវញែកចន្លោះពី១តោនទៅ២តោនក្នុង១ថ្ងៃ ខណៈរណ្តៅទីលានអាចស្តុកសំរាមបាន៤៨តោននៅក្នុង១ថ្ងៃនោះ៕

ដោយ ឈុន សារ៉ាត





