ឧត្តមសេនីយ៍ទោ សោម ស៊ុន នាំយកប្រេងឥន្ធនៈ គ្រឿងឧបភោគបរិភោគប្រគល់ជូនកងកម្លាំងចម្រុះការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកសណ្ដាន់
AKP កំពង់ធំ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ បានដឹកនាំសហការី ជួបសំណេះសំណាលសាកសួរសុខទុក្ខប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន និងឧបត្ថម្ភស្បៀងអាហារគ្រឿងឧបភោគបរិភោគប្រេងឥន្ធនៈដែលជាជំនួយឧបត្ថម្ភរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្រ្តីទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលតំបន់កែងបឹង និងតំបន់អូរអាចម៍ដែក ស្ថិតក្នុងភូមិសាស្ត្រព្រៃឡង់ឃុំមានរិទ្ធិ ស្រុកសណ្តាន់ ខេត្តកំពង់ធំ។

ក្នុងឱកាសនោះ ឧត្តមសេនីយ៍ទោ សោម ស៊ុន បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃកងយោធពលខេមរភូមិន្ទ និងឯកឧត្តម នួន ផារ័ត្ន អភិបាលខេត្ត ប្រធានគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ ព្រមទាំងបានថ្លែងនូវការកោតសរសើរចំពោះកងកម្លាំងចម្រុះទាំងអស់ ដែលបានខិតខំសហការគ្នាក្នុងការបំពេញភារកិច្ច ការពារ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ក្នុងរយៈពេលជាង៨ខែកន្លងទៅនេះ ទទួលបានលទ្ធផលល្អប្រសើរគួរជាទីមោទនៈ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិខេត្តកំពង់ធំ បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនជូនដល់កងកម្លាំងចម្រុះ ត្រូវបន្តភារកិច្ចឱ្យដូចភ្លៀងរលឹម ដោយគ្មានការដកថយឡើយ ក្នុងការការពារទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ តាមផែនការដែលបានប្រគល់ជូនឱ្យទទួលបានជោគជ័យថ្មីៗបន្ថែមទៀតដាច់ខាតមិនឱ្យមានការកាប់ទន្ទ្រានព្រៃឈើយកដីរបស់រដ្ឋជាថ្មីទៀតបានឡើយ ហើយចំពោះផ្ទៃដីដែលបានរកឃើញដោយការលួចកាប់ទន្ទ្រានកន្លងទៅ ត្រូវធ្វើការគ្រប់គ្រងឱ្យបានហ្មត់ចត់ មិនឱ្យធ្លាក់ដល់ដៃជនណាមួយជាដាច់ខាត។ ចំពោះជនណាដែលនៅតែបន្តកាប់ទន្ទ្រានដីរដ្ឋយកធ្វើជាកម្មសិទ្ធិ ត្រូវចាប់ឃាត់ខ្លួន និងវត្តុតាងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមច្បាប់ជាធរមាន។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ប្រេងសាំងចំនួន៥០០លីត្រ អង្ករចំនួន២០០គីឡូក្រាម ត្រីខចំនួន១០យួរ ទឹកត្រីទឹកស៊ីអ៊ីវចំនួន៨យួរ និងទឹកសុទ្ធចំនួន១០០យួរដែលជាអំណោយរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត តាមរយៈឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការរដ្ឋមន្ត្រីទីស្ដីការគណៈរដ្ឋមន្រ្តី ឯកឧត្តមនាយឧត្ដមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ ជូនដល់កងកម្លាំងចម្រុះនៅទីបញ្ជាការស្រាលទាំង២គោលដៅ៕
ដោយ ស៊ុម វណ្ណា (ប្រភព៖ តំបន់សឹករងកំពង់ធំ)





