ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមាជិកដែលទទួលមរណភាព
AKP កំពង់ធំ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--
ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន ស្នងការរងផែនការងារធនធានមនុស្សតំណាងឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត និងជាប្រធានគណៈកម្មាធិការមូលដ្ឋានជួបសំណេះសំណាល និងប្រគល់ថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជា ជូនសមាជិកទទួលមរណភាពចំនួន០៤គ្រួសារ សរុបថវិកាចំនួន២៤លានរៀល។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ត្រី ទាន ប៉េងស៊ន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើរបស់លោកឧត្តមសេនីយ៍ទោ ហេង សុផល ស្នងការនគរបាលខេត្ត ចូលរួមរំលែកទុក្ខចំពោះមរណភាព ស្វាមី ឪពុក ជាទីស្រឡាញ់ក្នុងក្រុមគ្រួសារបងប្អូន និងបានលើកឡើងអំពីស្នាដៃ គុណបំណាច់ពលិកម្មរបស់កងកម្លាំងចំពោះជាតិមាតុភូមិ ការពារ ថែរក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម រយៈពេលកន្លងមក រហូតទទួលបានសុខសន្តិភាពយ៉ាងពេញលេញនាពេលបច្ចុប្បន្ន។

លោកស្នងការរងបានប្រគល់ថវិកាដល់សមាជិក៖ ១. លោកអនុសេនីយ៍ឯក ឆែ ប៊ុនលាភ មន្ត្រីចូលនិវត្តន៍ នៃអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន ចំនួន៦លានរៀល។ ២. លោកអនុសេនីយ៍ឯក ហេង សាម មន្ត្រីចូលនិវត្តន៍នៃអធិការដ្ឋាននគរបាលស្រុកសន្ទុកចំនួន៦លានរៀល។ ៣. លោកអនុសេនីយ៍ឯក ព្រំ ឃួន នាយរងផ្នែកបង្ក្រាបបទល្មើសនៃការិយាល័យនគរបាលការពារបេតិកភណ្ឌចំនួន៦លានរៀល និង៤. លោកអនុសេនីយ៍ឯក ហ៊ាន ខី នាយរងផ្នែកសេនាធិការនៃអធិការដ្ឋាននគរបាលស្រុកប្រាសាទសំបូរចំនួន៦លានរៀល។

លោកឧត្តមសេនីយ៍ត្រីស្នងការរងបានផ្ដាំផ្ញើដល់គ្រួសារសមាជិកសូមថែទាំ សុខភាព តាមរយៈការរស់នៅមានអនាម័យ បរិភោគម្ហូបអាហារចម្អិនបានល្អ ពិសារទឹកស្អាតឧស្សាហ៍ហាត់ប្រាណពង្រឹងកាយសម្បទាឱ្យបានរឹងមាំ៕
ដោយ ស៊ុម វណ្ណា




