លោក ហូយ សូណា ៖ ធនធានកីឡាករអុកចត្រង្គចូលរួមប្រកួត ជើងឯកថ្នាក់ជាតិ បង្ហាញគុណភាពរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--
លោក ហូយ សូណា អគ្គលេខាធិការរង សហព័ន្ធកីឡាអុកចត្រង្គកម្ពុជាគូសបញ្ជាក់ថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២៤ រយៈពេល៣ថ្ងៃ ពីថ្ងៃទី១៧-១៩ ខែមករា ឆ្នាំ២០២៥នេះមានកីឡាករ កីឡាការិនីចូលរួមសរុប ៦៥នាក់ ដោយធនធានកីឡាករ កីឡាការិនីអុកចត្រង្គតែងតែបង្ហាញនូវគុណភាពបច្ចេកទេសរីកចម្រើនគួរឱ្យកត់សម្គាល់ពីមួយឆ្នាំទៅមួយឆ្នាំ។

អគ្គលេខាធិការរង លោក ហូយ សូណា បានបន្ថែមថា ការប្រកួតកីឡាអុកចត្រង្គ ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំនេះ ត្រូវបានសហព័ន្ធកីឡាអុកចត្រង្គកម្ពុជារៀបចំការប្រកួតលើវិញ្ញាសាតែ១ប៉ុណ្ណោះ គឺវិញ្ញាសាឯកត្តជន រយៈពេល ៦០នាទី។ លោកសង្កត់ធ្ងន់ថា ការប្រកួតពីមួយឆ្នាំទៅមួយឆ្នាំធនធានកីឡាករ កីឡាការិនីអុកចត្រង្គតែងតែបង្ហាញនូវគុណភាពរីកចម្រើនជារៀងរាល់លើកទាំងអ្នកចំណូលថ្មី ក៏ដូចជាកីឡាករឆ្នើមៗដែលធ្លាប់ដណ្តើមបានជ័យលាភីកន្លងមក។
លោក ហូយ សូណា បន្ថែមថា តាមរយៈការប្រកួតថ្នាក់ជាតិនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ ដើម្បីឱ្យសហព័ន្ធបានជ្រើសរើសធនធានឆ្នើមៗចូលរួមក្នុងក្រុមជម្រើសជាតិ ត្រៀមប្រកួតប្រជែងមេដាយជូនជាតិ ក្នុងព្រឹត្តិការណ៍ ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។

គូសបញ្ជាក់បន្ថែមពីលើនេះ អ្នកជំនាញកីឡាអុកចត្រង្គរូបនេះបានឱ្យដឹងទៀតថា ការប្រកួតអុកចត្រង្គ ជើងឯកថ្នាក់ជាតិនេះមានកីឡាករ កីឡាការិនីចូលរួម ៦៥នាក់ ហើយចែកចេញជា១៥ក្រុម ដែលប្រកួតជាច្រើនជុំ ពីវគ្គជម្រុះជាបន្តបន្ទាប់រហូតដល់រកឃើញជ័យលាភីប្រចាំឆ្នាំផងដែរ។ ព្រឹត្តិការណ៍អុកចត្រង្គថ្នាក់ជាតិនេះត្រូវបានរៀបចំឡើងក្រោមកញ្ចប់ថវិការគាំទ្រពន្លឿនផែនការអភិវឌ្ឍន៍របស់ក្រសួងអប់រំ យុវជន និងកីឡា។ ក្រោយបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិនេះទៅ សហព័ន្ធកីឡាអុកចត្រង្គកម្ពុជានឹងធ្វើរៀបចំធ្វើសន្ទសន៍មេដាយជូនដល់មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡា ដើម្បីដាក់គោលដៅនូវចំនួនមេដាយ ដែលសហព័ន្ធត្រៀមបញ្ជូនកីឡាករជម្រើសជាតិអុកចត្រង្គចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាខែធ្នូ ឆ្នាំ២០២៥។ លោកបន្ថែមថា កីឡាអុកចត្រង្គ ដែលជាប្រភេទកីឡាប្រពៃណីជាតិខ្មែរពិតជាមានសក្តានុពលធំធេងណាស់ ដូច្នេះកីឡាករអុកចត្រង្គកម្ពុជានឹងអាចប្រកួតប្រជែងមេដាយជូនជាតិមាតុភូមិយើងជាក់ជាមិនខាន។

ជាចុងក្រោយ លោក ហូយ សូណា ក្នុងនាមសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ដែលមានឯកឧត្តម គុជ គីមឡុង ជាប្រធានសហព័ន្ធបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ កីឡាករអុកចត្រង្គចូលរួមបំផុស្មារតីផ្សព្វផ្សាយប្រភេទកីឡាដួងព្រលឹងវប្បធម៌ខ្មែរមួយនេះទាំងថ្នាក់ជាតិ និងអន្តរជាតិឱ្យកាន់តែរីកចម្រើន ក៏ដូចជាបង្កើនបាននូវចំណងមិត្តភាព សាគ្គីភាព និងថែរក្សាកេរដំណែលមរតកដូនតារបស់ខ្មែរយើងឱ្យនៅគង់វង្សយូរអង្វែង៕
ដោយ ហេង ណាលីន





