ឯកឧត្តម ចាយ បូរិន ទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរដ្ឋទូតសារធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការ និងសាសនា បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីក្រសួង នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម ចាយ បូរិន បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះឯកឧត្តមឯកអគ្គរដ្ឋទូតដែលត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតប្រចាំព្រះរាជាណាចក្រកម្ពុជា និងបានអបអរសាទរខួប៦៦ឆ្នាំនៃការបង្កើតចំណងទំនាក់ទំនងការទូតរវាងកម្ពុជា-ចិន និងបានលើកឡើងថា ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន មានការរីកចម្រើនយ៉ាងខ្លាំងពីដៃគូយុទ្ធសាស្រ្តទៅជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ព្រមទាំងបានបង្តើតនូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រថែមទៀតផង និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃសាធារណរដ្ឋប្រមានិតចិន ដែលតែងតែផ្តល់ការគាំទ្រ និងរួមចំណែកក្នុងកិច្ចអភិវឌ្ឍន៍របស់កម្ពុជាលើវិស័យកសាងហេដ្ឋារចនាសម្ព័ន្ធ ពិសេសបានផ្តល់អាហារូបករណ៏ដល់ក្រសួងធម្មការនិងសាសនា ដើម្បីប្រគេនគណៈសង្ឃនៃព្រះរាជាណាចក្រកម្ពុជា ចាត់ចែងប្រគេនបន្តដល់ សមណនិស្សិត និស្សិតបានទៅបន្តការសិក្សានៅប្រទេសចិននាពេលកន្លងមក។

ទន្ទឹមនេះនេះ ឯកឧត្តមរដ្ឋមន្រ្តីបានជម្រាបជូនឯកឧត្តមឯកអគ្គរដ្ឋទូតចិនអំពីចក្ខុវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំបន្តពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បច្ចុប្បន្នប្រធានព្រឹទ្ធសភា សម្រាប់វិស័យធម្មការ និងសាសនា មិនមានសាសនាណាមួយប្រកាន់នូវនិន្នាការជ្រុលនិយមនោះទេ ហើយនេះ ជាតថភាពមួយដែលឆ្លុះបញ្ចាំងឱ្យឃើញពីគុណតម្លៃនៃសាមគ្គីភាព និងភាពសុខដុមរមនាសាសនានៅកម្ពុជា ក្រោមដំបូលនៃសុខសន្តិភាព ធ្វើឱ្យសាសនាទាំងអស់រស់នៅរួមគ្នា ប្រកបដោយសុខក្សេមក្សាន្ត។ ហើយកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលនយោបាយចិនតែមួយ និងគាំទ្រនូវគំនិតផ្តួចផ្តើម ព្រមទាំងតួនាទីកាន់តែសំខាន់របស់ មិត្តចិនក្នុងកិច្ចការតំបន់ និងសកល។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានស្នើឱ្យឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញឱ្យមានក្រុមការងារសម្របសម្រួលរវាង ស្ថានប័នរដ្ឋគ្រប់គ្រងលើវិស័យសាសនា កម្ពុជា-ចិន ជាពិសេសកិច្ចសហការរៀបចំ ផ្លាស់ប្តូរព្រះពុទ្ធសាសនា និងព្រះពុទ្ធសាសនា តាមបែបទេសចរណ៍ព្រះពុទ្ធសាសនា។
ជាការឆ្លើយតប ឯកឧត្តម ឯកអគ្គរដ្ឋទូត បានថ្លែងអំណរគុណឯកឧត្តមរដ្ឋមន្រ្តីចំពោះការសា្វគមន៍យ៉ាងកក់ក្តៅ និងមានក្តីសោមនស្សរីករាយក្នុងការបំពេញបេសកកម្មការទូតនៅកម្ពុជា ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងចិន និងកម្ពុជាលើវិស័យសាសនា នាពេលកន្លងមក។ ឯកឧត្តម ឯកអគ្គរដ្ឋទូត បានមានប្រសាសន៍បញ្ជាក់ថា វិស័យសាសនាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការរឹតចំណងមិត្តភាពយ៉ាងជិតស្និតរវាង ប្រទេសនិងប្រទេស ប្រជាជននិងប្រជាជន នៃប្រទេសយើងទាំង២។
ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតក៏បានសម្តែងការអបអរសាទរចំពោះខួប១ឆ្នាំរបស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលសម្រេចបានក្នុងរយៈពេល១ឆ្នាំនេះ ព្រមទាំងសន្យាបន្តគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងនាមជាមិត្តដែកថែបលើគ្រប់វិស័យ ក្នុងនោះក៏មានវិស័យសាសនាផងដែរ។ ដើម្បីជំរុញដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២ក្នុងនាមជាប្រទេសអ្នកប្រតិបត្តិព្រះពុទ្ធសាសនា និងការជំរុញវិស័យទេសចរណ៍សាសនានោះ ឯកឧត្តមសុំការសហការជាមួយក្រសួងធម្មការ និងសាសនា ក្នុងនាមសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យសាសនាក្នុងការយាងព្រះចង្កូមកែវព្រះសម្មាសម្ពុទ្ធនៅប្រទេសចិនមកគោរពបូជានៅក្នុងព្រះរាជាណាចក្រកម្ពុជាមួយរយ:ក្នុងពេលវេលាសមស្របណាមួយ។
ជាចុងក្រោយឯកឧត្តមរដ្ឋមន្រ្តី ក៏បានជូនពរដល់ឯកឧត្តមឯកអគ្គរដ្ឋទូត និងសហការី ទទួលបានជោគជ័យក្នុងបេសកកម្មការទូតដ៏ឧត្តុង្គឧត្តមនៅកម្ពុជា និងជូនពររដ្ឋាភិបាល និងប្រជាជនចិន ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខ ជួបតែសេចក្តីសុខ សុវត្ថិភាពគ្រប់ប្រការ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងធម្មការ)





