វេទិកាសាធារណៈក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នៅឃុំយុទ្ធសាមគ្គី ស្រុកសាមគ្គីមុនីជ័យ
AKP កំពង់ស្ពឺ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ -- លោកជំទាវ ឈី វិជ្ជរ៉ា រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកសាមគ្គីមុនីជ័យ ព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ បានអញ្ជើញដឹកនាំវេទិកាសាធារណៈ ក្នុងឃុំយុទ្ធសាមគ្គី ក្នុងចំណោមឃុំទាំង១០ ស្ថិតក្នុងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។វេទិកាសាធារណៈនេះ បានប្រព្រឹត្តទៅនៅក្នុងវត្តព្រៃជុំ ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន អនុប្រធាន សមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុក ឃុំ លោកអភិបាលរងស្រុក តំណាងមន្ទីរអង្គភាពជំនាញមួយចំនួនជុំវិញខេត្ត ក្រុមប្រឹក្សាឃុំ មេភូមិ លោកគ្រូ អ្នគគ្រូ និងប្រជាពលរដ្ឋ សរុបប្រមាណជាង២០០នាក់។

ការចុះបើកវេទិកាសាធារណៈនេះ គឺដើម្បីបង្ហាញនូវការគាំទ្រនូវកម្មវិធីនយោបាយ និងការអនុវត្តន៍យុទ្ធសាស្ត្របញ្ចកោណ តំណាក់កាលទី១របស់រាជរដ្ឋាភិបាល ជាពិសេសគោលនយោបាយអាទិភាពទាំង៦ចំនុច កម្មវិធីកំណែទម្រង់របស់រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្រេចបាននូវសមិទ្ធផលជាច្រើនក្នុងរយៈពេលជាង១ឆ្នាំមកនេះ ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍ជូនប្រជាជនកម្ពុជានៅទូទាំងប្រទេស ។យ៉ាងណាមិញ ការបើកវេទិកាសាធារណៈ ក៏ដើម្បីបានជួបប្រាស្រ័យទាក់គ្នាដោយផ្ទាល់ជាមួយបងប្អូនប្រជាពលរដ្ឋ ទទួលស្តាប់នូវរាល់កង្វល់ សំណើ សំណូមពរ និងបញ្ហាប្រឈមនានានៅមូលដ្ឋាន និងស្វែងរកវិធានការដោះស្រាយសមស្របជូនប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ ឃុំផងដែរ។


ក្នុងវេទិកាសាធារណៈនៅឃុំយុទ្ធសាម្គី ក្នុងស្រុកសាម្គីមុនីជ័យ បងប្អូនប្រជាពលរដ្ឋបានលើកឡើងនូវសំណើ ក្តីកង្វល់ បញ្ហាប្រឈមនិងសំណូមពរមួយចំនួនពាក់ព័ន្ធនឹងការធ្វើប័ណ្ណកម្មសិទ្ធដី(មិនចេញប័ណ្ណ)-បញ្ហាទឹកធ្វើស្រែ-បញ្ហាតម្លៃទីផ្សារស្រូវបានទាប-បញ្ហាតម្លៃភ្លើងខ្ពស់-កង្វះបណ្តាញភ្លើងប្រើប្រាស់៥គ្រួសារនៅចុងភូមិ-បញ្ហាគ្រឿងញៀនក្នុងមូលដ្ឋាន ស្នើសុំឱ្យមានសមាគមន៍គ្រប់គ្រងទំនប់ទឹក ព្រោះអ្នកលក់ទឹកកាន់ទ្វាទំនប់ទឹកដោយខ្លួនឯង សូមជួយរកទីផ្សារស្រូវ ព្រោះតម្លៃឡើងចុះតាមឈ្មួញ ស្នើសុំឱ្យភ្លើងចុះថ្លៃ ស្នើរសុំតំឡើងតម្លៃទីផ្សារគោខ្មែរ សំណូមពរចាំបាច់ផ្សេងៗទៀតពាក់ព័ន្ធនឹងសេវាសាធារណៈ និងការបញ្ជាក់ឯកសារអត្រានុកូលដ្ឋានជាដើម។ ទន្ទឹមនឹងការវាយតម្លៃខ្ពស់ចំពោះក្រុមការងារតាមជំនាញដែលបានចូលរួមដោះស្រាយសំណើសំណូមពរចំពោះមុខជូនប្រជាពលរដ្ឋ បញ្ហាខ្លះត្រូវបានមន្ទីរជំនាញពាក់ព័ន្ធដោះស្រាយជូនក្នុងវេទិកា និងបញ្ហាធំៗមួយចំនួនទៀត ប្រធានក្រុមការងារ និងទទួលយកដើម្បីធ្វើសំណើជូនរាជរដ្ឋាភិបាលដើម្បីដោះស្រាយជាបន្តបន្ទាប់។

បន្ថែមពីលើនេះ លោកជំទាវ ឈី វិជ្ជរ៉ា បានថ្លែងនូវការកោតសរសើរដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ទាំងនៅកំរិតខេត្ត ស្រុក និងរដ្ឋបាលឃុំ ដែលបានសម្រេចនូវស្នាដៃការងារជាច្រើន និងការចូលរួមដោះស្រាយសំណើ សំណូមពរជាបន្ទបន្ទាប់ជូនប្រពលរដ្ឋនាពេលកន្លងមក ។ទោះយ៉ាងណា លោកជំទាវបានផ្តាំផ្ញើនិងលើកទឹកចិត្តដល់ក្រុមការងារគ្រប់លំដាប់ថ្នាក់ ត្រូវបន្តលើកកម្ពស់ការផ្តល់សេវាសាធារណៈ ការអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ជាពិសេស ត្រូវតែផ្សាភ្ជាប់ខ្លួនជាមួយប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានជាប់ជាប្រចាំ ដើម្បីបានដឹងភ្លាមៗពីសំណើ សំណូមពរ សេចក្តីត្រូវការ និងស្វែងរកលទ្ធភាពសមស្របដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា៕

ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-កំពង់ស្ពឺ





