រដ្ឋបាលខេត្តតាកែវបើកកិច្ចប្រជុំស្ដីពីការពិនិត្យលើសេចក្ដីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ
AKP តាកែវ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--នៅសាលប្រជុំមន្ទីរផែនការខេត្តតាកែវបានរៀបចំបើកកិច្ចប្រជុំស្ដីពីការពិនិត្យលើសេចក្ដីព្រាងក្របខ័ណ្ឌអភិវឌ្ឍន៍ និងកម្មវិធីអភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ (២០២៥-២០២៩) របស់រដ្ឋបាលខេត្តតាកែវ កាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ក្រោមអធិបតីភាពលោក ញ៉ែម ស្រស់ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ លោក មឿង រ៉ាដូ ប្រធានមន្ទីរផែនការខេត្តតាកែវ ព្រមទាំងលោកលោកស្រីប្រធានអនុប្រធានមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការមន្ទីរផែនការខេត្ត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផងដែរ។

លោក ញ៉ែម ស្រស់ អភិបាលរងនៃគណៈអភិបាលខេត្តតាកែវ បានធ្វើការណែនាំ និងជំរុញដល់មន្ទីរជុំវិញខេត្ត ត្រូវបន្តយកចិត្តទុកដាក់ និងសហការជាមួយក្រុមការងារផែនការវិនិយោគខេត្តក្នុងការផ្ដល់ធាតុចូល និងយុទ្ធសាស្ត្រសំខាន់ៗ ដើម្បីរៀបចំសេចក្ដីព្រាងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិល (២០២៥-២០២៧) របស់ខេត្តតាកែវបានទាន់ពេលវេលា ស្របតាមការណែនាំរបស់ក្រសួងមហាផ្ទៃបានកំណត់។ កម្មវិធីផែនការអភិវឌ្ឍន៍មូលដ្ឋានរយៈពេល៥ឆ្នាំ គឺជាចក្ខុវិស័យអភិវឌ្ឍន៍របស់ខេត្ត សំដៅអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានានៅតាមមូលដ្ឋានឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ស្របពេលប្រទេសជាតិកំពុងមានសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧ដែលមានសម្ដេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។ ដូច្នេះ មន្ទីរ និងមន្ត្រីជំនាញទាំងអស់ ត្រូវចូលរួមសហការគ្នា ធ្វើយ៉ាងណាឱ្យកម្មវិធីអភិវឌ្ឍន៍ខេត្តរយៈពេល៥ឆ្នាំ និងកម្មវិធី៣ឆ្នាំរំកិលដែលបានដាក់ចេញទទួលបានជោគជ័យ។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្តបានមានប្រសាសន៍បន្ថែមថា កិច្ចប្រជុំនេះមានគោលបំណងជាមូលដ្ឋានរៀបចំ និងកែសម្រួលបន្ថែមចំណុចខ្វះខាតគ្រប់វិស័យដែលពាក់ព័ន្ធទាំងអស់ក្នុងខេត្ត ឱ្យស្របតាមសេចក្ដីណែនាំបច្ចេកទេសស្ដីពីការរៀបចំ និងកសាងផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីឈានទៅរៀបចំសេចក្ដីព្រៀងផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល។ ដើម្បីឆ្លងការផ្ដល់យោបល់ពីគណៈអភិបាលខេត្ត គណៈកម្មាធិការសម្របសម្រួលបច្ចេកទេស ក្រុមប្រឹក្សា និងអនុម័តចុងក្រោយដោយក្រុមប្រឹក្សាខេត្តអាណត្តិទី៤ មុននឹងដាក់ជូនក្រសួងមហាផ្ទៃដើម្បីពិនិត្យ និងផ្ដល់អនុលោមភាព៕


ដោយ អ៊ុច សៀង




