ឯកឧត្តម ឆាយ ឬទ្ធិសែន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ នាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្ដមរដ្ឋលេខាធិការប្រចាំ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក លោកអគ្គនាយករង លោក លោកស្រីប្រធាន អនុប្រធាននាយកដ្ឋានប្រធាន អនុប្រធានការិយាល័យ មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យាទាំងអស់នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍សរុបចំនួន៧០នាក់ ស្រី២៦នាក់។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឬទ្ធិសែន បានជម្រាបជូនអង្គប្រជុំពីចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នៃរដ្ឋសភាដែលបានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោលដំណាក់កាលទី១ មានបាវនាចំនួន៥ គឺកំណើនសេដ្ឋកិច្ច ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលផ្តោតលើអាទិភាពគន្លឹះចំនួន៥គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា (ឌីជីថល)។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ជនបទ បានកំណត់ការអភិវឌ្ឍភូមិគំរូក្នុងគោលបំណងធ្វើឱ្យប្រសើរឡើងនូវលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជននៅជនបទ តាមរយៈការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ការលើកកម្ពស់សុខភាព និងអនាម័យ ការអប់រំសីលធម៌ និងការបង្កើនសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ។ ជាសមិទ្ធផលក្រសួងអភិវឌ្ឍន៍ជនបទ បាន និងកំពុងអនុវត្តភូមិគំរូចំនួន៦៤ភូមិ ក្នុងនោះក្រសួងបានទទួលស្គាល់ជាផ្លូវការភូមិគំរូចំនួន៣០ភូមិ ដែលភូមិទាំងនោះស្ថិតនៅក្នុងខេត្តកំពង់ស្ពី តាកែវ និងត្បូងឃ្មុំ និងភូមិគំរូចំនួន៣៤ភូមិទៀត កំពុងអនុវត្ត ដែលភូមិទាំងនោះស្ថិតនៅក្នុងខេត្តបាត់ដំបង ប៉ៃលិន និងបន្ទាយមានជ័យ ព្រមទាំងភូមិគំរូចំនួន៤ភូមិទៀតបាន និងកំពុងដំណើរការស្ថិតក្នុងខេត្តកំពង់ស្ពឺ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា ក្រសួងបានធ្វើការវាយតម្លៃទៅលើលក្ខណៈសម្បត្តិ “ភូមិគំរូ”ដោយបានផ្តោតទៅលើលក្ខខណ្ឌចំនួន ៥គឺ ១. សេដ្ឋកិច្ច ២. សង្គម និងវប្បធម៌ ៣. សុខភាព និងបរិស្ថានរស់នៅ ៤. ហេដ្ឋារចនាសម្ព័នរូបវ័ន្ត និង៥. អភិបាលកិច្ច។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានផ្តល់នូវគោលគំនិតគន្លឹះដល់អង្គប្រជុំ ដើម្បីជំរុញប្រសិទ្ធភាពនៃការអនុវត្កការងាររបស់មន្រ្តីរាជការ ស្របតាមគោលការណ៍ “រួមគ្នាគិត រួមគ្នាអនុវត្ត និងរួមគ្នាដឹកនាំទទួលខុសត្រូវ”។

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍សម្រាប់យកទៅអនុវត្តបន្តដល់អង្គប្រជុំក៏ដូចជានាយកដ្ឋានជំនាញផងដែរ ដើម្បីចូលរួមអនយវត្តយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនិតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ដោយជោគជ័យ៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងអភិវឌ្ឍន៍ជនបទ)




