កិច្ចប្រជុំតាមដានត្រួតពិនិត្យ និងរៀបចំផែនការប្រចាំឆ្នាំ និងទិសដៅបន្តវឌ្ឍនភាពការងារយេនឌ័រទូទាំងកងយោធពលខេមរភូមិន្ទ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥-- លោកជំទាវ នាយឧត្តមសេនីយ៍ ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារយេនឌ័រ ក្រសួងការពារជាតិ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំក្រុមការងារយេនឌ័រក្រសួងការពារជាតិ នៅទីស្ដីការក្រសួង ដោយមានការចូររួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក ក្រុមការងារយេនឌ័រ កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ថ្លែងក្នុងកិច្ចប្រជុំ លោកជំទាវ នាយឧត្តមសេនីយ៍ រដ្ឋលេខាធិការ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារទទួលបានលទ្ធផលល្អប្រសើរ ប្រកបដោយការទទួលខុសត្រូវនាពេលកន្លងមក។ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភាក្រោមការដឹកនាំ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទីមួយ ជាកម្មវិធីគោលនយោបាយសម្រាប់ការកសាង និងការពារមាតុភូមិឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ក្នុងនោះរាជរដ្ឋាភិបាលក៏បានកំណត់ការលើកកម្ពស់សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រី នៅគ្រប់វិស័យជាអាទិភាព ក្នុងរបៀបវារៈគោលនយោបាយ តាមរយៈការពង្រឹងភាពជាពលរដ្ឋក្នុងសង្គម ដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ និងសមធម៌ក្នុងនោះស្ត្រីគឺជាស្នូល។

លោកជំទាវរដ្ឋលេខាធិការក៏បានលើកឡើងបន្ថែមទៀតថា ក្រសួងការពារជាតិ ក្រោមការដឹកនាំរបស់នាយឧត្ដមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ជានិច្ចជាកាលតែងតែទទួលបានការយកចិត្តទុកដាក់ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ តាមរយៈការគាំទ្រដល់ការចូលរួមក្នុងការអនុវត្តការងាររបស់យោធិននារីក្នុងគ្រប់កិច្ចការ។ ផែនការយុទ្ធសាស្ត្របញ្ជ្រាបយេនឌ័រ ក្រសួងការពារជាតិ ដំណាក់កាលទីពីរ ឆ្នាំ២០២៤ - ២០២៨ បានបង្ហាញពីទស្សនវិស័យរយៈពេល៥ឆ្នាំខាងមុខ ដោយផ្ដោតសំខាន់លើការពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញការទទួលបាននូវតួនាទី ភារកិច្ច និងរបៀបនៃការអនុវត្តការងារ ដើម្បីឱ្យយោធិននារីអាចចូលរួមបានដូចជាបុរស ក្នុងពេលបច្ចុប្បន្ននេះ សមត្ថភាព និងការចូលរួមអនុវត្តការងាររបស់យោធិននារី គឺមានភាពល្អប្រសើរគួរឱ្យកត់សម្គាល់ ក្នុងនោះគឺយើងមានយោធិននារីមានចំណេះជំនាញ ជំនាញបើករថក្រោះ និងជំនាញកាំភ្លើងធំ ជំនាញការពារអាកាស ជំនាញសង្គ្រោះ និងជំនាញផ្សេងៗជាច្រើនទៀតផងដែរនៅក្នុងកងទ័ព។
ក្នុងឱកាសនោះ លោកជំទាវ នាយឧត្ដមសេនីយ៍ រដ្ឋលេខាធិការ ក៏បានអំពាវនាវដល់ឯកឧត្ដម លោកជំទាវ និងបណ្ដាក្រុមការងារយេនឌ័រ នៅទូទាំងកងយោធពលខេមរភូមិន្ទ ឱ្យមានវិន័យកងទ័ព ប្រកាន់ខ្ជាប់ខ្ជួនបានម៉ឺងម៉ាត់ មោះមុតមានឆន្ទៈក្នុងការងារនៅអង្គភាពនីមួយៗដោយយោធិននារី៣ប្រភេទទ័ព ដូចជាកងទ័ព នាយទាហានចម្រុះ កងទ័ពជើងទឹក និងកងទ័ពជើងអាកាស កងទ័ពមួកខៀវ មានយោធាចារ្យជាស្ត្រី និងមេបញ្ជាការរងកាន់នៅភូមិភាគ នៅកងពលតូច ក្នុងជួរកងយោធពលខេមរភូមិន្ទ មានភាពរឹងមាំដូចជាយោធិនបុរសដែរ។
ទន្ទឹមនឹងនេះ លោកជំទាវនាយឧត្តមសេនីយ៍ ក៏បានលើកទឹកចិត្តជូនដល់យោធិននារីនៅក្នុងជួរកងទ័ព ហើយបានលើកឡើងថា ថ្ងៃទី០៨ មីនា នឹងគ្រោងទុកនូវទស្សនកិច្ចដំណើរកម្សាន្ត ដើម្បីលើកកម្ពស់ស្ត្រីយោធិន មានសមត្ថភាពដឹកនាំ ដោយទំនួលខុសត្រូវប្រកបដោយក្រមសីលធម៌ វិជ្ជាជីវៈ តាមបទវិន័យលក្ខន្តិកៈទូទៅក្នុងកងយោធពលខេមរភូមិន្ទ៕
ដោយ សំ សាម៉ន




