សក្តានុពលទេសចរណ៍របស់សហគមន៍អេកូទេសចរណ៍កោះត្នោត ខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥-- សហគមន៍អេកូទេសចរណ៍កោះត្នោត មានទីតាំងស្ថិតនៅក្នុង ឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ ហើយជាកោះមួយស្ថិតនៅតាមបណ្តោយទន្លេមេគង្គភាគខាងជើងវត្តសសរ១០០ ស្រុកសំបូរ ខេត្តក្រចេះ ចម្ងាយប្រមាណ៤៦គីឡូម៉ែត្រពីទីរួមខេត្ត ដែលមានបងប្អូនតិចណាស់បានស្គាល់សហគមន៍មួយនេះ។ ដូច្នេះ សូមមកស្គាល់ និងទៅទស្សនាកម្សាន្តទាំងអស់គ្នា ដើម្បីចូលរួមលើកស្ទួយជីវភាពបងប្អូនតំបន់។

ដើម្បីទៅដល់កោះនេះ អ្នកដំណើរត្រូវធ្វើដំណើរតាមផ្លូវគោកប្រវែងប្រមាណ៣៦គីឡូម៉ែត្រ ពីទីរួមខេត្ត ទៅដល់រមណីយដ្ឋានវត្តសសរ១០០ និងបន្តដំណើរតាមផ្លូវគោកដដែលតាមមាត់ទន្លេចម្ងាយ៤គីឡូម៉ែត្រ ទៅកំពង់ដរស្វាយចេក រួចបន្តដំណើរតាមទូកពីត្រើយទៅកោះចម្ងាយ៤គីឡូម៉ែត្រទៀត បានទៅដល់សហគមន៍អេកូទេសចរណ៍កោះត្នោត។ សហគមន៍អេកូទេសចរណ៍កោះត្នោតមានភូមិចំនួនបីរួមមាន ភូមិដំរ៉ែ ភូមិកោះដំបង ភូមិកំពង់រទេះ។ ជាទូទៅប្រជាជនរស់នៅដោយពឹងអាស្រ័យទៅលើការធ្វើស្រែចម្ការ ចិញ្ចឹមសត្វ ដាំបន្លែ និងការនេសាទ។

សហគមន៍អេកូទេសចរណ៍កោះត្នោតបង្កើតឡើងដោយផ្អែកទៅលើធនធានសក្តានុពលរបស់សហគមន៍នេសាទដំរ៉ែ កោះដំបង និងកំពង់រទេះ។ នៅក្នុងតំបន់នេះសំបូរដោយធនធានមានភាពទាក់ទាញ និងស្រស់ស្អាតជាពិសេសគឺសម្រស់ធម្មជាតិស្រស់បំព្រងពីព្រៃឈើ ទន្លេ វាលខ្សាច់ គ្រួស ផ្ទាំងថ្មធំៗ និងទឹកជួរ មិនតែប៉ុណ្ណោះមានធនធានធម្មជាតិដូចជា សត្វស្លាប (ក្ងោក ត្រយ៉ង កុក ប្រវឹក ក្អែកទឹក រលក ចាប) និងត្រីជាច្រើនប្រភេទក្នុងទន្លេមេគង្គ។ ចំណែកឯធនធានវប្បធម៌វិញមានដូចជា ពិធីបុណ្យចូលឆ្នាំ ពិធីពូនភ្នំស្រូវ ពិធីបុណ្យភ្ជុំបិណ្ឌ ពិធីបុណ្យសែនព្រេន ពិធីលាងអារក្ស ពិធីឡើងអ្នកតាអាពាហ៍ពិពាហ៍ និងរបាំប្រពៃណីជាដើម។ មួយផ្នែកទៀតមានកន្លែងជំនឿអរូបី ដូចជារូបសំណាក់ថ្មអ្នកតាកង្កែប នាងគ្រប់ល័ក្ខ អ្នកតាកំណប់ថ្មហារ អ្នកតាក្រុងឆេះ បឹងនាងរំលិច និងព្រៃនាងស្អាង ដែល ជាជំនឿរបស់អ្នកភូមិកំពុងរទេះផងដែរ។

ទេសចរអាចថតរូបអនុស្សាវរីយ៍ ជិះកង់ទស្សនាសហគមន៍ ជិះទូកមើលសត្វស្លាបច្រើនប្រភេទ ទស្សនាទេសភាពថ្ងៃលិចតាមមាត់ទន្លេ ពិសារអាហារជួបជុំ សិក្សាស្រាវជ្រាវអំពីការរស់នៅ ក៏ដូចជាទំនៀមទម្លាប់ប្រពៃណីរបស់ប្រជាជនតំបន់។ ប្រសិនបើលោកអ្នកចង់ទៅកម្សាន្តនៅទីនោះ អាចទាក់ទងតាមរយៈលោក សំ ស៊ូ ប្រធានសហគមន៍ ទូរសព្ទ៖ ០៩៧ ៩៨ ៥២ ៣៨០៕

ដោយ ណយ នឿន (ប្រភព៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ)




