អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៖ ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនី ចុះបញ្ជីសរុប ២ ២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានគូសបញ្ជាក់ថា ក្នុងឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២ ២៥៣ គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០% ដោយក្នុងឆ្នាំ២០២៣ ចំនួន ៣១៣ គ្រឿង ខណៈត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។ នេះគឺជាការគូសបញ្ជាក់របស់របស់ឯកឧត្ដម ផន រឹម អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនតាមរយៈផេកហ្វេសប៊ុកផ្លូវការនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥។

បើតាមឯកឧត្ដម ផន រឹម សន្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនីកើតឡើងជាង៦០០% នៅឆ្នាំ២០២៤ និងមាននិន្នាការកើងឡើងនាឆ្នាំបន្តបន្ទាប់។ ជាមួយគ្នានេះ ប្រជាពលរដ្ឋមានសុទិដ្ឋិនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។

ឯកឧត្ដមអ្នកនាំពាក្យរូបនេះបានបញ្ជាក់ផងដែរថា ការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ផាសុកភាព កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត ខណៈក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។

ឯកឧត្ដមអនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានបន្ថែមថា ទន្ទឹងនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាលនតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ៕

ដោយ៖ រិទ្ធី





