ប្រមុខការទូតកម្ពុជា នឹងអញ្ជើញចូលរួមកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នៅប្រទេសម៉ាឡេស៊ី
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងដឹកនាំគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន (AMM Retreat) នៅកោះឡាងកាវី ប្រទេសម៉ាឡេស៊ី នៅថ្ងៃទី១៨-១៩ ខែមករា ឆ្នាំ២០២៥ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្តម ដាតុ ស៊េរី យូតាមា ហាជី មហាម៉ាដ ប៊ីន ហាជី ហាហ្សាន រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញផ្សាយថ្ងៃទី ១៦ ខែមករា ឆ្នាំ២០២៥។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានឱ្យដឹងថា ក្រោមមូលបទ « បរិយាប័ន្ន និងចីរភាព» កិច្ចប្រជុំចង្អៀតនៃរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងពិភាក្សាអំពីការពិនិត្យឡើងវិញនូវការសម្រេចនានារបស់ប្រមុខដឹកនាំអាស៊ាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ កាលពីខែតុលា ឆ្នាំ២០២៤ នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ព្រមទាំងអាទិភាពនៃភាពជាប្រធានអាស៊ានរបស់ ប្រទេសម៉ាឡេស៊ីក្នុងឆ្នាំ២០២៥។ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏នឹងផ្លាស់ប្តូរទស្សនៈ ស្តីពីទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ក៏ដូចជាបញ្ហាតំបន់ និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីកង្វល់រួម ផងដែរ។
ក្នុងឱកាសនៃកិច្ចប្រជុំចង្អៀតនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី គ្រោងនឹងមានជំនួបទ្វេភាគីជាមួយសមភាគីអាស៊ានមួយចំនួន ដើម្បីជំរុញឱ្យកិច្ចសហប្រតិបត្តិការទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី កាន់តែស៊ីជម្រៅថែមទៀត៕
ដោយ៖ ជឹម ណារី





