រដ្ឋបាលខេត្ដកំពង់ឆ្នាំងបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់អនុវត្ត ឆ្នាំ២០២៥
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង អញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២៥ របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង ឯកឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ក្រុមប្រឹក្សាខេត្ត អភិបាល អភិបាលរងខេត្ត និងថ្នាក់ដឹកនាំមន្ទីរស្ថាប័នអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបី និងអាជ្ញាធរក្រុង ស្រុក ឃុំសង្កាត់ទូទាំងខេត្តជាច្រើននាក់ផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ បានមានប្រសាសន៍ថា លទ្ធផលក្នុងឆ្នាំ២០២៤ កន្លងមកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំងក្រោមការដឹកនាំប្រកបដោយការទទួលខុសត្រូវ របស់ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ បានបន្តខិតខំប្រឹងប្រែងរួមគ្នាក្នុងការបំពេញតួនាទី ភារកិច្ចស្របតាមបទប្បញ្ញត្តិនានា ដែលមានចែងក្នុងច្បាប់ បទបញ្ជា សេចក្ដីណែនាំ កម្មវិធីនយោបាយនៃការអនុវត្ត កម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជាឆ្នាំ២០២៥ និងកម្មវិធីកំណែទម្រង់នានា ការគាំទ្រតាមគ្រប់រូបភាពពីក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត ដើម្បីបង្កើនការងារ សមធម៌ និង ប្រសិទ្ធភាព នៅកម្ពុជា ជាពិសេសការលើកកម្ពស់ការផ្តល់សេវាសាធារណៈ និងការអភិវឌ្ឍមូលដ្ឋានឆ្លើយតបនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយគុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និងសមធម៌សង្គម។

ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានមានប្រសាសន៍ថា ចំពោះបញ្ហាប្រឈមនានាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និង រដ្ឋបាលខេត្តកំពង់ឆ្នាំង បានខិតខំពុះពារជម្នះ ដោយអនុវត្តនូវតួនាទី ភារកិច្ចនៅតែបន្តសម្រេចបាននូវលទ្ធផលគួរជាទីមោទន:។ការកសាងសមត្ថភាពនិងការអភិវឌ្ឍធនធានមនុស្សជាយុទ្ធសាស្រ្តចម្បងរបស់រាជរដ្ឋាភិបាល។ ការផ្តោតលើវិស័យអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ ដែលបច្ចុប្បន្នកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយនូវភាពក្រីក្រ ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍ជាពហុភាគី និងទ្វេភាគី។ ដើម្បីលើកកម្ពស់កម្រិតជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងដើម្បីរួមចំណែកកាត់បន្ថយភាពក្រីក្រឱ្យបានក្នុងមួយឆ្នាំ២០២៥ តាមរយៈការធ្វើពិពិធកម្មការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។

ជាមួយគ្នានេះឯកឧត្តមបណ្ឌិតសភាចារ្យបានបន្តទៀតថា ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២៥ ដែលបានដាក់ចេញថ្ងៃនេះត្រូវពិភាក្សាដើម្បីប្តេជ្ញាខ្ពស់ចំពោះបេសកកម្មរបស់ខ្លួនអនុវត្តឱ្យបានជោគជ័យ។ ចំពោះបញ្ហាដែលនៅសេសសល់ពីឆ្នាំ២០២៤ បន្តដោះស្រាយឱ្យស្របតាមយន្តការច្បាប់ ស្ថិតក្នុងក្របខ័ណ្ឌនៃផែនការអភិវឌ្ឍន៍ខេត្ត ដើម្បីសម្រេចឱ្យបាននូវសមិទ្ធផលថ្មីប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើមឆ្នាំ២០២៥ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានជំរុញឱ្យសមាជិក សមាជិកា អង្គសន្និបាតទាំងអស់ពិភាក្សាប្រមូលធាតុចូល និងឱ្យចំគោលដៅ និងទិសដៅ របស់រដ្ឋបាលបានដាក់ចេញស្របតាមការវិវត្តនូវស្ថានភាពសង្គមសេដ្ឋកិច្ច ដើម្បីឆ្លើយតបនឹងសំណូមពរចាំបាច់របស់ប្រជាពលរដ្ឋ និងរក្សាបាននូវស្ថិរភាពសន្តិសុខ សណ្តាប់ធ្នាប់សាធារណ: បរិស្ថាន វប្បធម៌ សីលធម៌សង្គម និងសេចក្តីថ្លៃថ្នូរ។ បន្ថែមលើនេះ គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋថ្នាក់ខេត្ត ត្រូវបន្តប្រើប្រាស់កម្លាំងសរុបតាមការចាំបាច់ ដោយមានកិច្ចសហការពីគណៈកម្មាធិការបង្ក្រាបបទល្មើសធនធានធម្មជាតិ និងសមត្ថកិច្ចពាក់ព័ន្ធ ចុះអនុវត្តច្បាប់ចំពោះជនទាំងឡាយណាដែលប្រព្រឹត្តបទល្មើសធនធានធម្មជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងារគ្រប់គ្រងដីតំបន់ព្រៃលិចទឹកនៃតំបន់ទន្លេសាបផងដែរ៕
ដោយ បៃ ស៊ីថុន





