អាជ្ញាធរជាតិព្រះវិហារសែនព្រេនចុះអនុវត្ដគម្រោងស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥--
នាយកដ្ឋានអភិរក្ស និងបុរាណវិទ្យានៃអាជ្ញាធរជាតិព្រះវិហារ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានសែនព្រេនចុះអនុវត្ដគម្រោងស្រាវជ្រាវបុរាណវិទ្យា និងអភិរក្សប្រាសាទអង្គ្រង ស្ថិតនៅក្នុងតំបន់ការពារ២នៃរមណីយដ្ឋានប្រាសាទព្រះវិហារ ស្ថិតក្នុងឃុំស្រអែម ស្រុកជាំក្សាន្ដ ខេត្ដព្រះវិហារ។

គម្រោងនេះមានគោលបំណងធ្វើការអភិរក្សដោយកាត់សម្អាតរុក្ខជាតិដុះនៅក្នុងបរិវេណប្រាសាទ រៀបចំឯកសារប្លង់ស្ថាបត្យកម្ម កំណាយស្រាវជ្រាវបុរាណវិទ្យា ដើម្បីស្វែងយល់ពីរចនាសម្ព័ន្ធប្រាសាទដែលត្រូវបានដីចាក់បង្គរ និងធ្វើការទល់ទ្រទីតាំងមានហានិភ័យមួយចំនួន ។

ប្រាសាទអង្គ្រងត្រូវបានសាងសង់ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ នៅសតវត្សរ៍ទី១២។ ប្រាសាទនេះមានប្លង់ជាមន្ទីរពេទ្យ ដែលរួមមានហោបន់ស្រន់មួយសង់ពីថ្មបាយក្រៀមលំអដោយថ្មភក់និងហោត្រៃមួយធ្វើពីថ្មបាយក្រៀមស្ថិតនៅទិសអាគ្នេយ៍ កំពែងថ្មបាយក្រៀមព័ទ្ធជុំវិញ៕

ដោយ ណយ នឿន (ប្រភព៖ អាជ្ញាធរជាតិព្រះវិហារ)





