សម្ដេចបវរធិបតី សម្ដែងសេចក្ដីក្ដុកក្ដួល សោកសង្រេង ចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីន បណ្តាលឱ្យបុគ្គលិកបោសសម្អាតមីន ពីរនាក់ស្លាប់ នៅខេត្តឧត្តរមានជ័យ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥–
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយ ចំពោះឧបទ្ទវហេតុផ្ទុះគ្រាប់មីន បណ្តាលឱ្យ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោសសម្អាតមីន បានស្លាប់ នៅខេត្តឧត្តរមានជ័យ។
តាមរយៈបណ្ដាញសង្គមផ្លូវការ នៅថ្ងៃទី១៦មករានេះ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត បានសរសេរថា«ឧបទ្ទវហេតុផ្ទុះគ្រាប់មីនអំឡុងពេលកំពុងប្រតិបត្តិការបោសសម្អាតមីន នៅភូមិត្រពាំងប្រីយ៍ ឃុំបាក់អន្លង ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានធ្វើឱ្យ ខ្ញុំ និងភរិយា មានសេចក្ដីក្ដុកក្ដួល សោកសង្រេង និងសោកស្តាយឥតឧបមា ដែលឧបទ្ទវហេតុនេះ បណ្តាលឱ្យ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន ជាបុគ្គលិកបោសសម្អាតមីននៃមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) និងជាអ្នកឯកទេសបោះសម្អាតមីន បានធ្វើពលិកម្ម»។
ក្នុងវេលាទុក្ខដ៏ក្រៀមក្រំនេះ សម្ដេចធិបតី និងភរិយា បានចូលរួមរំលែកទុក្ខជាមួយ លោក និង លោកស្រី ជាក្រុមគ្រួសារនៃសព ក៏ដូចជាថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិក សហការី និងឯកទេសបោះសម្អាតមីន ទាំងអស់ នៃមជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា (CMAC) និងសូមសម្តែងនូវសេចក្តីសង្វេគប្រកបដោយ អនិច្ចលក្ខណធម៌ យ៉ាងជ្រាលជ្រៅ ចំពោះការបាត់បង់កូនប្រុសដ៏មាន គុណធម៌ សុជីវធម៌ កតញ្ញូ កតវេទិតាធម៌ ចំពោះជីដូន ជីតា លោកឪពុក អ្នកម្តាយ មីងមា បងប្អូនជាទីស្រឡាញ់ ទាំងអស់ ហើយក៏ជាការបាត់បង់នូវវីរជនស្នេហាជាតិដ៏បរិសុទ្ធ ដោយបានលះបង់អស់ពីកម្លាំងកាយ បញ្ញាស្មារតី និងធ្វើពលិកម្មគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ ពិសេសលោកបានរួមចំណែក យ៉ាងសកម្ម ក្នុងការបោសសម្អាតមីន ដែលជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាល ដើម្បីធានាបានថាប្រជាពលរដ្ឋបានរស់នៅប្រកបដោយសុវត្ថិភាព បន្ទាប់ ពីសម័យសង្គ្រាម។ សម្ដេចធិបតី និងភរិយា ក៏បានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក អឿន ចាន់ដារ៉ា និង លោក ពៅ នេពីន សូមឆាប់បានយោនយកកំណើតកើតក្នុងសុគតិភពគ្រប់ៗជាតិ កុំបីឃ្លៀងឃ្លាតឡើយ៕


ដោយ៖ គង់ សិរីរ័ត្ន





