កិច្ចប្រជុំស្តីពីការពិនិត្យទិដ្ឋភាពរួម និងកែលម្អដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំកិច្ចប្រជុំស្តីពីការពិនិត្យទិដ្ឋភាពរួម និងកែលម្អដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ ដោយអង្គប្រជុំបានពិនិត្យពិភាក្សាលើប្រធានបទសំខាន់ៗដូចជា៖ ១)ទិដ្ឋភាពទូទៅនៃដំណើរការប្រឡង ការងារមុនពេលប្រឡង ដំណើរការសំណេរ និងកំណែ ២) សេចក្តីណែនាំស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃការប្រឡងនៅតាមគ្រឹះស្ថានមធ្យមសិក្សាចំណេះទូទៅ សាធារណៈ និងឯកជន សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ៣) ការធ្វើបច្ចុប្បន្នកម្មឯកសារគតិយុត្ត វិញ្ញាសាប្រឡង និងការកំណត់ពិន្ទុ ការកំណត់និទ្ទេស ៤) ពង្រឹងយន្តការកំណែ និងដាក់ពិន័យ ការរៀបចំគណៈកម្មាការកំណែ និងពិនិត្យបច្ចេកទេសកំណែ ៥)ទីតាំងកំណែ និងផ្ទៀងផ្ទាត់ និងកន្លែងស្រង់ពិន្ទុ បូកពិន្ទុ និងផ្ទៀងផ្ទាត់ពិន្ទុ ៦) វិធានការគន្លឹះកែលម្អដំណើការសំណេរ ៧) សម្ភារ និងថវិកាត្រៀមសម្រាប់ដំណើរការប្រឡង និង៨) វិធានការគន្លឹះឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដែលអាចកើតឡើងជាយថាហេតុ។

ក្នុងកិច្ចប្រជុំនេះ តាងនាមក្រសួងអប់រំ យុវជន និងកីឡា ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណដល់ក្រុមការងារទទួលបន្ទុកការប្រឡងមធ្យមសិក្សាទុតិយភូមិ និងភាគីពាក់ព័ន្ធទាំងអស់ ដែលជានិច្ចកាលយកអស់កម្លាំងកាយចិត្តបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ និងបន្តកែលម្អកិច្ចការងារការប្រឡងនេះឱ្យល្អប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងសូមឱ្យបន្តរក្សាស្មារតីសហការគ្នាឱ្យបានគត់មត់ ដើម្បីបន្តអនុវត្តកំណែទម្រង់វិស័យអប់រំនៅកម្ពុជា ដោយគូសបញ្ជាក់ពីសារៈសំខាន់នៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលមិនត្រឹមតែសម្រាប់វាស់ស្ទង់ចំណេះដឹងរបស់សិស្សានុសិស្សប៉ុណ្ណោះទេ តែថែមទាំងត្រូវយកលទ្ធផលការប្រឡងនេះសម្រាប់វាយតម្លៃសាលារៀនគំរូ ដែលជាការងារអាទិភាពចម្បងមួយរបស់ក្រសួងអប់រំ យុវជន និងកីឡា ឆ្លើយតបនឹងចក្ខុវិស័យអភិវឌ្ឍន៍ធនធានមនុស្សរបស់រាជរដ្ឋាភិបាល៕


ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)





