អង្គការ Fauna & Flora ប្រជុំពិភាក្សាជ្រើសរើសទីតាំងទម្លាក់ថ្មបេតុងសិប្បនិម្មិត ក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រ ប្រជុំកោះស្ដេច
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចប្រជុំពិភាក្សាស្ដីពីការពិគ្រោះយោបល់ជ្រើសរើសទីតាំងទម្លាក់ថ្មបេតុងសិប្បនិម្មិតក្នុងតំបន់គ្រប់គ្រងជលផលសមុទ្រប្រជុំកោះស្ដេច ខេត្តកោះកុង។

អង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា Fauna & Flora បានឱ្យដឹងថា គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិភាក្សាកំណត់ទីតាំងទម្លាក់ថ្មបេតុងសិប្បនិម្មិតជាលើកទី២ ជំរុញការការពារជម្រកសត្វសមុទ្រ ដែលងាយរងគ្រោះ កាត់បន្ថយផលប៉ះពាល់នៃការនេសាទលក្ខណៈបំផ្លិចបំផ្លាញ និងបង្កើតជាជម្រកផ្កាថ្មប៉ប្រះទឹកសិប្បនិម្មិត សម្រាប់សត្វសមុទ្រផ្សេងៗដែលអាស្រ័យនៅ។

ក្នុងកិច្ចប្រជុំពិភាក្សានោះដែរក៏មានការអញ្ជេីញចូលរួមពីលោក សាយ ង៉ែត អភិបាលរងស្រុកគិរីសាគរ នាយខណ្ឌជលផលពាមក្រសោប លោកនាយករងរដ្ឋបាលស្រុក លោកជំទប់១ឃុំ លោកស្រីសមាជិកក្រុមប្រឹក្សាឃុំ ប្រជានេសាទ ប្រតិបត្តិករទេសចរណ៍ និងគណៈកម្មការសហគមន៍នេសាទសម្រស់កោះស្ដេច៕

ដោយ ណយ នឿន (ប្រភព៖ Fauna & Flora)





