នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈរៀបចំពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅវិទ្យាល័យប៊ូថងអូរជុំ ស្រុកអូរជុំ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្រោមការគាំទ្ររបស់អង្គការភ្លែនអន្ដរជាតិកម្ពុជា នាថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ បានបន្ដរៀបចំព្រឹត្តិការណ៍ «ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា» នៅវិទ្យាល័យប៊ូថងអូរជុំ ស្រុកអូរជុំ ខេត្តរតនគិរី ដោយមានការចូលរួមដាក់ស្ដង់បញ្ជផ្សព្វផ្សាយពីសំណាក់ស្ថាប័នដៃគូចំនួន១១ស្ថាប័ន និងបញ្ជរស្ដង់ស្នាដៃសិស្សចំនួន២។

លោក ឈីវ គឹមសាយ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថ្លែងអំណរគុណដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ អង្គការភ្លែនអន្ដរជាតិកម្ពុជា និងតំណាងស្ថាប័នរដ្ឋ ឯកជនទាំងអស់ ដែលបានសហការរៀបចំព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះឡើង។ សារៈសំខាន់ និងគោលបំណងនៃការរៀបចំពិព័រណ៍នេះ គឺជាព្រឹត្តិការណ៍អប់តម្រង់ទិសវិជ្ជាជីវៈ ដល់សិស្សានុសិស្សតាមរយៈការបង្កលក្ខណៈជួបគ្នាដោយផ្ទាល់ជាមួយតំណាងក្រុមហ៊ុន ស្ថាប័នរដ្ឋ និងឯកជន ដើម្បីផ្ដល់ឱកាសដល់សិស្ស បានសិក្សាស្វែងយល់អំពីតម្រូវការជំនាញ និងការត្រៀមលក្ខណៈសម្បត្តិផ្ទាល់ខ្លួនបានច្បាស់លាស់ មុននឹងសម្រេចចិត្តជ្រើសរើសមុខជំនាញសិក្សា និងការរៀបចំផែនការសិក្សា នាពេលខាងមុខ។ ជាមួយគ្នានេះ កម្មវិធីពិព័រណ៍នៅកម្រិតសាលារៀន ក៏ជាផ្នែកមួយនៃការអនុវត្តស្ដង់ដាសាលារៀនគំរូ ដែលក្រសួងអប់រំ បាន និងកំពុងផ្ដោតការយកចិត្តទុកដាក់ ក្នុងការជំរុញការអនុវត្តនៅកម្រិតសាលារៀនផងដែរ។

ក្នុងកម្មវិធីនេះក៏មានការចូលរួមពីលោក ឈីវ គឹមសាយ អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា លោក យ័ន រតនា អភិបាលរងស្រុកអូរជុំ លោកស្រី ទួន បញ្ញាវត្តី តំណាងនាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ តំណាងអាជ្ញាធរដែនដី គណៈគ្រប់គ្រងសាលារៀន តំណាងម្ចាស់បញ្ជរស្ដង់ពិព័រណ៍ និងមាតាបិតា អ្នកអាណាព្យាបាលសិស្សចំនួន ៦៥នាក់ ស្រី ២៦នាក់ លោកគ្រូអ្នកគ្រូចំនួន ២៧នាក់ ស្រី ១៤នាក់ ព្រមទាំងសិស្សានុសិស្សចូលរួមទស្សនាសិក្សារៀនសូត្រសរុប ៩៧៧នាក់ ស្រីជាង ៤៩៦នាក់។

សូមបញ្ជាក់ថា ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អង្គការភ្លែនអន្ដរជាតិកម្ពុជាបានផ្ដល់ការគាំទ្រដល់នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ ក្នុងការរៀបចំព្រឹត្តិការណ៍់ពិព័រណ៍មគ្គុទ្ទេសក៍អាជីព និងការសិក្សា នៅតាមគ្រឹះស្ថានមធ្យមសិក្សាគោលដៅសរុបចំនួន ១៨សាលារៀន ដែលស្ថិតក្នុងខេត្តសៀមរាប ខេត្តស្ទឹងត្រែង និងខេត្តរតនគិរី៕

ដោយ ណយ នឿន (ប្រភព៖ នាយកដ្ឋានតម្រង់ទិសវិជ្ជាជីវៈ)





