បិទសិក្ខាសាលាថ្នាក់ជាតិស្តីពីក្របខ័ណ្ឌច្បាប់សន្តិសុខជីវសាស្រ្តនៃគម្រោងលេខ៨១
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត ផន ណារ៉ា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្រ្ត និងវិទ្យុសកម្ម បានអញ្ជើញជាអធិបតីថ្លែងសុន្ទរកថាបិទសិក្ខាសាលាថ្នាក់ជាតិស្តីពីក្របខ័ណ្ឌច្បាប់សន្តិសុខជីវសាស្រ្ត (Biosecurity Legal Framework Workshop) នៃគម្រោងលេខ៨១ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារ Hyatt Regency Phnom Penh ដោយមានការអញ្ជើញចូលរួមពីលោក Thomas Brown អ្នកជំនាញផ្នែកច្បាប់នៃស្ថាប័ន VERTIC មន្រ្តីអគ្គលេខាធិការដ្ឋាន នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី និងមន្រ្តីតំណាងអន្តរស្ថាប័នពាក់ព័ន្ធផ្សេងទៀតផងដែរ។

សិក្ខាសាលារយៈពេលចំនួន២ថ្ងៃ ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ទទួលបានភាពជោគជ័យយ៉ាងរលូន និងគួរជាទីគាប់ចិត្ត ដោយមន្រ្តីសិក្ខាកាមដែលបានអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធបានសហការខិតខំប្រឹងប្រែងចូលរួមពិភាក្សាយ៉ាងសកម្ម និងខិតខំសិក្សាស្វែងយល់បន្ថែមទៅលើវគ្គសិក្ខាសាលាបណ្តុះបណ្តាលដ៏មានសារសំខាន់នេះ។ ជាពិសេសមន្រ្តីជំនាញអន្តរជាតិបានធ្វើបទបង្ហាញ និងចែករំលែកបទពិសោធន៍ល្អៗពាក់ព័ន្ធទៅនឹងការសិក្សាស្វែងយល់បន្ថែមពីច្បាប់ទាក់ទងនឹងសន្ដិសុខជីវសាស្ត្រដែលបណ្ដាប្រទេសដទៃមាន ហើយកំពុងអនុវត្តផងដែរ។ ជាងនេះទៅទៀតបានជំរុញឱ្យមន្ត្រីសិក្ខាកាមបង្កើន និងពង្រីកវិសាលភាពចំណេះដឹងក្នុងការបង្កើនផ្នត់គំនិតក្នុងការគិតគូរ ពីច្បាប់ពាក់ព័ន្ធដែលគួរតែមានក្នុងការគ្រប់គ្រងទៅលើបញ្ហាប្រឈមនានាដែលអាចនឹងកើតមានទ្បើងជាមួយសន្ដិសុខជីវសាស្ត្រនៅក្នុងប្រទេសកម្ពុជា។

ក្នុងឱកាសបិទសិក្ខាសាលានេះ តាងនាមឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រី្ត រដ្ឋមន្រី្តក្រសួងការពារជាតិ និងជាប្រធានអាជ្ញាធរជាតិអាវុធគីមី ឯកឧត្តម បណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលជាផ្លែផ្កា ទៅកាន់លោក Thomas Brown និងលោកស្រី Elisa Walsh មន្រ្តីផ្នែកច្បាប់មកពីVERTIC ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី តំណាងស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានចូលរួមសិក្ខាសាលាបណ្តុះបណ្តាល អស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។

ឯកឧត្តមបានបន្តលើកទ្បើងថា ឆ្លងកាត់រយៈពេល២ថ្ងៃនេះ យើងពិតជាអាចមើលឃើញនិងយល់កាន់តែច្បាស់អំពីទិសដៅដែលបានតម្រង់សម្រាប់សិក្ខាសាលាគម្រោង៨១ ស្តីពីសន្តិសុខជីវសាស្រ្ត (P81-BIOSEC) ដោយបានផ្តល់នូវបទពិសោធន៍ល្អៗ ដើម្បីបំពេញការងារឱ្យកាន់តែល្អប្រសើរឡើង ដោយឈរលើស្មារតីទទួលខុសត្រូវខ្ពស់ប្រកបដោយសុវត្ថិភាព និងជំនាញវិជ្ជាជីវៈ។ លទ្ធផលដែលទទួលបានពីអង្គសិក្ខាសាលានេះពិតជាមានសារៈសំខាន់ណាស់សម្រាប់អនុវត្តតាមបណ្តាអង្គភាពពាក់ព័ន្ធនូវសន្តិសុខជីវសាស្រ្ត (P81-BIOSEC) ដើម្បីឱ្យកាន់តែប្រសើរឡើងពីមួយឆ្នាំទៅមួយឆ្នាំ និងឆ្លើយតបទៅនឹងគោលការណ៍ក្នុងការទប់ស្កាត់ការរីកសាយភាយមេរោគ ដែលបង្កផលវិបាកកម្រិតខ្ពស់នៅកម្ពុជា។
ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានជូនលិខិតថ្លែងអំណរគុណដល់លោក Thomas Brown និងលោកស្រី Elisa Walsh មន្រ្តីផ្នែកច្បាប់មកពីVERTIC ព្រមទាំងបានជូនលិខិតបញ្ជាក់ពីការចូលរួមសិក្ខាសាលាទៅដល់មន្ត្រីសិក្ខាកាមទាំងមូលផងដែរ៕
ដោយ សំ សាម៉ន





