នាយឧត្តមសេនីយ៍ ស ថេត៖ ហាមដាច់ខាតការយកជនបរទេសឱ្យបម្រើការងារជាភ្នាក់ងារសន្ដិសុខឯកជន
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានណែនាំដល់ក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាសគ្រឹះស្ថាននានាទាំងអស់ ហាមដាច់ខាតការជ្រើសរើសជនបរទេសឱ្យចូលបម្រើការងារជាកម្លាំងភ្នាក់ងារសន្តិសុខឯកជន ហើយថាគ្រប់ក្រុមហ៊ុនផ្ដល់សេវា និងសហគ្រាស គ្រឹះស្ថាននៅពេលជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន ត្រូវអនុវត្តតាមប្រកាសលេខ១០២០ ប្រ.កចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧ របស់ក្រសួងមហាផ្ទៃ និងស្របតាមលក្ខខណ្ឌច្បាប់ស្តីពីការងារ នៃព្រះរាជាណាចក្រកម្ពុជា។ នេះជាការលើកឡើងរបស់ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ក្នុងកិច្ចប្រជុំដកបទពិសោធន៍ការងារគ្រប់គ្រងសន្តិសុខឯកជន រវាងអគ្គស្នងការដ្ឋាននគរបាលជាតិ ជាមួយក្រុមហ៊ុនផ្តល់សេវាសន្តិសុខឯកជន និងសហគ្រាស គ្រឹះស្ថានជ្រើសរើសភ្នាក់ងារសន្តិសុខឯកជន នៅទីស្ដីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានអំពាវនាវដល់ក្រុមហ៊ុនផ្ដល់សេវាសន្ដិសុខឯកជន និងសហគ្រាស គ្រឹះស្ថានទាំងអស់ ត្រូវរាយការណ៍ឱ្យបានជាប់ជាប្រចាំនូវចំនួនភ្នាក់ងារសន្តិសុខឯកជន ដែលបានជ្រើសរើសមកអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរយៈនាយកដ្ឋានគ្រប់គ្រងសន្តិសុខឯកជន ដើម្បីបញ្ចូលសាវតាភ្នាក់ងារសន្តិសុខឯកជនទៅក្នុងប្រព័ន្ធគ្រប់គ្រងតាមបច្ចេកវិទ្យាឌីជីថល។ ដោយឡែកចំពោះទីតាំងស្នាក់នៅបណ្តោះអាសន្ន ឬទីតាំងរស់នៅប្រមូលផ្តុំរបស់ភ្នាក់ងារសន្តិសុខឯកជន ត្រូវរាយការណ៍ជូនសមត្ថកិច្ចនៅមូលដ្ឋាន និងត្រូវបំពេញបែបបទរដ្ឋបាលឱ្យបានត្រឹមត្រូវដូចជាការចុះបញ្ជីស្នាក់នៅជាដើម។ បន្ថែមពីនេះ ត្រូវចាត់បញ្ជូនភ្នាក់ងារសន្តិសុខឯកជនឱ្យមកទទួលការបណ្តុះបណ្តាលបំប៉នជំនាញអំពីតួនាទី ភារកិច្ច និងមេរៀនមូលដ្ឋានគ្រឹះផ្សេងៗឱ្យបានត្រឹមត្រូវមុនដាក់ពង្រាយឱ្យឈរជើងតាមគោលដៅនីមួយៗ ហើយត្រូវម្ចាស់ការលើកកម្ពស់សមត្ថភាព វិជ្ជាជីវៈ វិន័យ សេចក្តីថ្លៃថ្នូរ ក្រមសីលធម៌ និងអាកប្បកិរិយារបស់ភ្នាក់ងារសន្តិសុខឯកជនឱ្យបានជាប់ជាប្រចាំ បូករួមទាំងកាយសម្បទាផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានធ្វើការក្រើនរំលឹកឱ្យចៀសវាងដាច់ខាតការប្រើប្រាស់ឯកសណ្ឋាន ស្លាកសញ្ញាស័ក្តិដូច ឬស្រដៀងទៅកងកម្លាំងមានសមត្ថកិច្ច និងស្ថាប័នរដ្ឋ និងមិនត្រូវបំពាក់ឧបរណ៍ សម្ភារបច្ចេកទេស ដែលផ្ទុយពីការណែនាំរបស់អគ្គស្នងការដ្ឋាននគរបាលជាតិឡើយ និងគួរផ្តល់អាទិភាពដល់មន្ត្រីរាជការ និងកងកម្លាំងដែលបានចូលនិវត្តន៍ ប៉ុន្តែនៅមានសុខភាពល្អរឹងមាំឱ្យចូលបម្រើការងារជាភ្នាក់ងារសន្តិសុខឯកជន៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ)





