ឯកឧត្តមទេសរដ្ឋមន្ត្រី ពេជ សោភ័ន៖ ការអភិវឌ្ឍមូលធនមនុស្សគឺជាទិសដៅអាទិភាពទី១
AKP បន្ទាយមានជ័យ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំ (គ.វ.អ) បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលក្នុងនោះការអភិវឌ្ឍមូលធនមនុស្សគឺជា ទិសដៅអាទិភាពទី១ ក្នុងការផលិតមូលធនមនុស្សប្រកបដោយចំណេះដឹង និងជំនាញ សីលធម៌ល្អ ឥរិយាបថល្អ និងសមត្ថភាពបំពេញការងារខ្ពស់ ព្រមទាំងឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងរបស់សង្គម សេដ្ឋកិច្ច និងទីផ្សារការងារ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានមានប្រសាសន៍ដូច្នេះក្នុងកិច្ចប្រជុំ ការចាប់ផ្ដើមយុទ្ធនាការវគ្គគាំទ្រសាលារៀនគោលដៅ គ.វ.អ នៅក្នុងខេត្តបន្ទាយមានជ័យ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះនៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ក្រសួងពាក់ព័ន្ធ សមាជិក សមាជិកា នៃលេខាធិការដ្ឋាន គ.វ.អ. លោក លោកស្រីថ្នាក់ដឹកនាំ ខេត្តមន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយិកាសាលា លោកគ្រូ អ្នកគ្រូ គណៈគ្រប់គ្រងសាលា និងមាតាបិតា អាណាព្យាបាលសិស្សានុសិស្សជាច្រើនអ្នកនោះ។

ក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា ដើម្បីឈានទៅសម្រេចនូវគោលដៅនេះ រាជរដ្ឋាភិបាលបានបង្កើត គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាល (គ.វ.អ.) ដែលដឹកនាំផ្ទាល់ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ទន្ទឹមនឹងនេះ ឯកឧត្តមបានបន្ថែមទៀតថា យុទ្ធនាការគាំទ្រសាលារៀនគឺជាផ្នែកមួយនៃសកម្មភាពអាទិភាពដ៏សំខាន់របស់លេខាធិការដ្ឋាន គណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះក្នុងវិស័យអប់រំរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ដោយផ្តោតលើការដាក់ចេញនូវវិធាការអន្តរាគមន៍សំខាន់ៗក្នុងការលើកកម្ពស់គុណភាពអប់រំតាមសាលារដ្ឋ និងការកែប្រែឥរិយាបថ វិន័យ សីលធម៌ និងចរិយាធម៌របស់សិស្ស ដោយអនុវត្តសម្រាប់សាលារៀននៅកម្រិតបឋមសិក្សា។ វិធានការគន្លឹះក្នុងវិស័យអប់រំត្រូវបានដាក់ចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការ និងការជួយដោះស្រាយចំឫសគល់នៃបញ្ហានៅក្នុងវិស័យអប់រំ ដោយផ្តោតលើ អភិបាលកិច្ចសាលារៀន (ការពង្រឹងភាពជាអ្នកដឹកនាំរបស់បុគ្គលិកអប់រំ គណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន) ការពិនិត្យកែលម្អកម្មវិធីសិក្សា និងរៀបចំកម្មវិធីសិក្សា និងសកម្មភាពបន្ថែមម៉ោងសិក្សា សំដៅពង្រឹងចំណេះដឹង វិន័យ សីលធម៌ ការជំរុញ និងលើកទឹកចិត្តការចូលរួមរបស់មាតាបិតា អាណាព្យាបាល និងសហគមន៍ក្នុងភាពជាដៃគូរដ្ឋ និងសហគមន៍ដើម្បីអប់រំ៕

ដោយ ឈុន សារ៉ាត




