ពិធីប្រកាសខេត្តកំពង់ធំទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល
AKP កំពង់ធំ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ -- ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពីធីប្រកាសទទួលស្គាល់ខេត្តកំពង់ធំទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលមានសមាសភាពអញ្ជើញចូលរួមសរុបប្រមាណ១៦៦៧នាក់ នៅបរិវេណសួនស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តម នួន ផារ័ត្ន អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍លើកឡើងថាក្នុងខេត្តកំពង់ធំមានចំនួនខ្នងផ្ទះប្រើប្រាស់បង្គន់សរុប១៧៤ ៧៦០ខ្នងផ្ទះ ស្មើនឹង១០០ភាគរយក្នុងនោះមានខ្នងផ្ទះប្រើប្រាស់បង្គន់ផ្ទាល់ខ្លួនចំនួន១៦២ ៨៧២ខ្នងផ្ទះ ស្មើនឹង ៩៣,២០ភាគរយ និងខ្នងផ្ទះប្រើបង្គន់រួមចំនូន ១១ ៨៨៨ខ្នងផ្ទះ ស្មើនឹង៦,៨០ភាគរយ។ ខេត្តកំពង់ធំ មានក្រុង ស្រុកសរុប ទាំង៩ទទួលបាន ODF ១០០ភាគរយ ឃុំ-សង្កាត់ចំនួន ៨១ មាន៧៥ ឃុំ-សង្កាត់ ទទួលបាន ODF និង មាន ឃុំ-សង្កាត់ចំនួន៦ ទទួលបាន ODF Plus និងភូមិសរុបទាំងអស់ ៧៨៣ភូមិ មាន៥៤៧ភូមិ ជាភូមិ ODF និង២៣៦ភូមិ ជាភូមិ ODF Plus។

ឯកឧត្ដមអភិបាលខេត្តបានលើកឡើងអំពីការអភិវឌ្ឍនានាក្នុងខេត្តកំពង់ធំលើវិស័យអភិវឌ្ឍន៍ជនបទ ដូចជា ការងារកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ការផ្តល់ជូនការងារ មុខរបរអាជីវកម្ម ការងារផ្គត់ផ្គង់ទឹកស្អាត អប់រំសុខភាព អនាម័យ ក្នុងការលើកកម្ពស់សុខភាពអនាម័យសាធារណៈដើម្បីឈានទៅសម្រេចបាននូវទស្សនវិស័យរបស់រាជរដ្ឋាភិបាល។

លោកស្រី ស៊ុន ម៉ាលីន នាយករងប្រតិបត្តិអង្គការទស្សនៈពិភពលោកកម្ពុជា បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អង្គការទស្សនៈពិភពលោក ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលដើម្បីគាំទ្រខេត្តកំពង់ធំជាខេត្តគោលដៅអភិវឌ្ឍន៍លើការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ ដែលជាផ្នែកដ៏សំខាន់ធ្វើឱ្យខេត្តនេះ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល នៅថ្ងៃនេះ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានសម្ដែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកំពង់ធំ សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ។ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ ព្រមទាំងបានអំពាវនាវដល់រដ្ឋបាលខេត្ត និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់ឱ្យបន្តការចូលរួមលើការផ្គត់ផ្គង់ទឹក និងអនាម័យជនបទជាពិសេសគឺការរិះរកយន្តការរក្សានិរន្តរភាពខេត្ត ODF និងជំរុញការងារទៅសម្រេច ODF Plus។ សមិទ្ធផលដែលសម្រេចបានក្នុងខេត្តនិងអង្គពិធីដ៏អធិកអធមនាពេលនេះ អាចប្រព្រឹត្តទៅបានគឺដោយសារគុណបំណាច់នៃ សុខសន្តិភាពដែលកើតចេញពីការលះបង់ដ៏ធំធេងនិងការខិតខំប្រឹងប្រែងឥតឈប់ឈរដើម្បីជាតិ និងប្រជាជនដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចតេជោ ហ៊ុន សែន ជាបិតាសន្តិភាពស្ថាបនិកមគ្គុទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះឈ្នះ ដែលនាំមកនូវសន្តិភាព និងឯកភាពជាតិពេញលេញទូទាំងប្រទេស និងក្រោមការបន្តវេនដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្ដមរដ្ឋមន្រ្ដីបានបន្តថាក្រសួងអភិវឌ្ឍន៍ជនបទបាន និងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ៨៨,៨០ភាគរយក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩គាគរយនិងអនាម័យ៩១,៤៧ភាគរយហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់និងការប្រតិបត្តិអនាម័យ ១០០ភាគរយព្រមទាំងរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។
សូមរំលឹកថាគិតត្រឹមថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ មានរាជធានី/ខេត្តចំនួន១៥ហើយ ដែលសម្រេចបានជារាជធានី/ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF+ និងODF) រួមមាន រាជធានីភ្នំពេញ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ តាកែវ ស្ទឹងត្រែង និងខេត្តកំពង់ធំ ដែលជាខេត្តទី១៥ផងដែរ៕
ដោយ ស៊ុម វណ្ណា





