លោកជំទាវ ម៉ែន នារីសោភ័គ អញ្ជើញបើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងប័ណ្ណផ្សព្វផ្សាយក្នុងសហគមន៍»
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥-- លោកជំទាវ ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១កាកបាទក្រហមកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ អញ្ជើញចូលរួម ជាមួយក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ និងអនុសាខាទាំង៧ក្រុង-ស្រុក ជាមួយក្រុមប្រតិបត្តិសាខា-អនុសាខា ព្រមទាំងអ្នកស្ម័គ្រចិត្តសរុបចំនួន៣៩នាក់ (ស្រី១២នាក់) បើកវគ្គបណ្តុះបណ្តាលតម្រង់ទិសស្ដីពី «ការងារឥស្សរជនឆ្នើមថ្នាក់ជាតិ និងបណ្ណផ្សព្វផ្សាយក្នុងសហគមន៍» ពីក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃទីស្នាក់ការកណ្តាល កាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

បន្ទាប់ពីបានជម្រាបជូនអំពីសមាសភាពរបស់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ ដែលថ្លែងដោយលោក រស់ សុខន នាយកស្ដីទីសាខា ឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈ អនុប្រធានគណៈកម្មាធិការសាខា និងជាតំណាងឯកឧត្តម ប៉ែន កុសល្យ ប្រធានគណៈសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក៏បានជម្រាបជូនអំពីសកម្មភាពការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៅថ្នាក់សាខា ដែលបាន និងកំពុងអនុវត្តនាពេលកន្លងមក។

លោកជំទាវ ម៉ែន នារីសោភ័គ បាននាំយកនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ និងការថ្លែងអំណរគុណរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិនៃវេទិកាភាពជាអ្នកដឹកនាំតំបន់អាស៊ី -ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាពរួម អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រី និងកុមារ ជូនដល់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិនៃថ្នាក់សាខាខេត្តត្បូងឃ្មុំ ដែលបានខិតខំយកចិត្តទុកដាក់អនុវត្តន៍សកម្មភាពការងារមិនរួញរា និងបានជោគជ័យទោះជាលំបាកលំបិនយ៉ាងណាក៏ដោយ។

លោកជំទាវបានគូសបញ្ជាក់ថា វគ្គបណ្តុះបណ្តាលតម្រង់ទិសនៅពេលនេះគឺដើម្បីឱ្យដឹងកាន់តែច្បាស់ពីការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ហើយជាពិសេសចាំបាច់ត្រូវមានការបណ្តុះបណ្តាលបន្តទៅដល់សាខា អនុសាខា និងរីកសាយទៅដល់កម្លាំងអ្នកស្ម័គ្រចិត្តតាមភូមិឃុំ ព្រោះការងារនេះមិនមែនផ្តោតលើតែសុខភាពមាតា ទារក កុមារ និងជំងឺអេដស៍ទេ គឺពាក់ព័ន្ធនឹងសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋយើងក្នុងពេលបច្ចុប្បន្ន ជាពិសេសឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា គឺលើកកម្ពស់ការគ្របដណ្តប់សុខភាពជាសកល ក៏ដូចជាការគិតគូរអំពីការទប់ស្កាត់បញ្ហាជំងឺមិនឆ្លងទាំង៤សំខាន់ៗដូចជា ជំងឺទឹកនោមផ្អែម ជំងឺបេះដូងសរសៃឈាម ជំងឺមហារីក និងជំងឺរលាកផ្លូវដង្ហើមរ៉ាំរ៉ៃ ដែលកំពុងប្រឈមខ្លាំងនៅក្នុងប្រទេសកម្ពុជាយើង។
ក្នុងឱកាសនោះដែរ លោកជំទាវ មុំ ចន្ធី នាយិការរងនាយកដ្ឋានសុខភាពកាកបាទក្រហមកម្ពុជា និងលេខាធិការក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ ក៏បានបង្ហាញពីខ្លឹមសារនៃ «បណ្ណអប់រំសុខភាព» ដែលបានធ្វើបច្ចុប្បន្នភាពអំពីស្ថានភាពសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋកម្ពុជា ដោយក្នុងនោះមាននិយាយពីសុខភាពមាតា ទារក និងកុមារ ជំងឺមហារីកមាត់ស្បូន មហារីកសុដន់ មេរោគអេដស៍ ជំងឺអេដស៍ និងអំពីការថែទាំសុខភាពបឋម។

ចុងបញ្ចប់នៃកម្មវិធីវគ្គ សាខា និងអនុសាខាទាំង៧ក្រុង-ស្រុកក៏បានទទួលនូវឯកសារជាមួយបណ្ណផ្សព្វផ្សាយ១ឈុត និងថតរូបអនុស្សាវរីយ៍។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានទទួលបណ្ណថ្លែងអំណរគុណរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ផងដែរ៕
ដោយ៖ ពេជ្រ សំអឿន (ប្រភព៖ កាកបាទក្រហមកម្ពុជា)




