ជំនួបរវាងឯកឧត្តមរដ្ឋមន្ត្រី ហួត ហាក់ ជាមួយឯកអគ្គរដ្ឋទូតអ៊ីរ៉ង់ប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម Ali Akbar Nazari ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា នៅទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យទេសចរណ៍រវាងប្រទេសទាំងពីរ កម្ពុជា-អ៊ីរ៉ង់ និងជំរុញការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងក្រសួងទេសចរណ៍កម្ពុជា ជាមួយជាមួយក្រសួងបេតិកភណ្ឌ វប្បធម៌ ទេសចរណ៍ និងសិប្បកម្មអ៊ីរ៉ង់។

ក្នុងឱកាសនោះ ភាគីទាំងពីរក៏បានលើកឡើងពីការជំរុញឱ្យមានទស្សនកិច្ចសិក្សា (FAM Trip) ជំនួបផ្លាស់ប្ដូរធុរកិច្ចរវាងវិស័យឯកជនក្នុងវិស័យទេសចរណ៍ ក៏ដូចជាសមាគមទេសចរណ៍នៃប្រទេសទាំងពីរ ដើម្បីជំរុញឱ្យមានការផ្សព្វផ្សាយ និងការទិញលក់កញ្ចប់ទស្សនកិច្ចឱ្យបានកាន់តែច្រើនឡើង ជាពិសេសជំរុញឱ្យមានការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-អ៊ីរ៉ង់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាជន និងភ្ញៀវទេសចរអ៊ីរ៉ង់មកកាន់កម្ពុជា៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងទេសចរណ៍)





