អង្គការ Oxfam បើកវគ្គបណ្តុះបណ្តាល ដើម្បីស្វែងយល់អំពីសវនកម្ម និងសំណើលក្ខខណ្ឌចរចា
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥-- អង្គការ Oxfam នៅក្នុងសប្តាហ៍ទី៣ នៃខែមករា ឆ្នាំ២០២៥ បានបើក វគ្គបណ្តុះបណ្តាលដើម្បីទទួលបានការបណ្តាក់ទុន តាមរយៈយុទ្ធសាស្ត្រសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ជំនាន់ទី២ ដើម្បីស្វែងយល់អំពី «សវនកម្ម» និង «សំណើលក្ខខណ្ឌចរចា» ។

មន្ត្រីអង្គការ Oxfam បានឱ្យដឹងនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥ថា ក្នុងដំណាក់កាលពិចារណាលើការវិនិយោគណាមួយ ជាពិសេសក្រុមហ៊ុនឯកជន ឬធុរកិច្ចថ្មី «សវនកម្ម» គឺជាជំហានមូលដ្ឋាន ដែលចាំបាច់។ ការយល់ដឹងអំពី «សវនកម្ម» មិនត្រឹមតែជួយឱ្យវិនិយោគិនកាត់បន្ថយហានិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់ សិទ្ធិអំណាចឱ្យពួកគេធ្វើការសម្រេចចិត្តតាមរយៈព័ត៌មាន និងយុទ្ធសាស្ត្រត្រឹមត្រូវ។ ទន្ទឹមនឹងនេះ «សំណើលក្ខខណ្ឌចរចា» ក៏មានដើរតួនាទីសំខាន់ក្នុងការកំណត់លក្ខខណ្ឌនៃការវិនិយោគផងដែរ។ សំណើលក្ខខណ្ឌចរចាដែលបានរៀបចំយ៉ាងច្បាស់លាស់ នឹងធានាឱ្យបានថាភាគីទាំងសងខាងមានគោលដៅតែមួយ ក៏ដូចជា បង្ហាញឱ្យឃើញពីការចាប់ផ្តើមនៃកិច្ចសហការជោគជ័យរួមគ្នាផងដែរ។

មន្ត្រីដដែលបញ្ជាក់ទៀតថា ការសិក្សាស្វែងយល់ឱ្យបានច្បាស់លាស់នៃដំណាក់កាលទាំងនេះ គឺជាគន្លឹះក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងវិនិយោគមួយ៕

ដោយ ណយ នឿន (ប្រភព៖ Oxfam)





