ឯកឧត្តម កៅ ថាច៖ កម្ពុជាធ្លាប់ជាប្រទេសទទួលជំនួយស្បៀងបានក្លាយទៅជាប្រទេស នាំស្បៀងចេញទៅកាន់ទីផ្សារអន្តរជាតិ
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានមានប្រសាសន៍ថា កម្ពុជាធ្លាប់ជាប្រទេសទទួលជំនួយស្បៀង បានក្លាយទៅជាប្រទេសនាំស្បៀងចេញទៅកាន់ទីផ្សារអន្តរជាតិ គឺនាំស្រូវអង្ករចេញទៅលក់នៅក្រៅប្រទេសចាប់តាំងពីឆ្នាំ ២០១០មក ហើយថាបញ្ហាស្រូវអង្ករនេះគឺទទួលបានការយកចិត្តទុកដាក់ខ្ពស់ណាស់ពីរាជរដ្ឋាភិបាល ព្រោះវាពាក់ព័ន្ធទៅនឹងបញ្ហាសុវត្ថិភាពស្ពៀងផង និងពាក់ព័ន្ធទៅនឹងបញ្ហាពាណិជ្ជកម្មផង។ ការលើកឡើងរបស់ឯកឧត្តម កៅ ថាច ដូចនេះធ្វើឡើងនាឱកាសអញ្ជើញចូលរួមសន្និសីទសារព័ត៌មាន ជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅទីស្តីការគណៈរដ្ឋមន្ត្រី ស្តីពីស្ថានភាពស្រូវ និងការប្រមូលផលស្រូវប្រាំង កាលពីរសៀលថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥។

ទាក់ទិនទៅនឹងបញ្ហាស្រូវអង្ករនេះ ឯកឧត្តម កៅ ថាច បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាបានទម្លាក់ទុនពិសេស ដែលរហូតមកទល់ពេលនេះមានចំនួន៥លើករួចមកហើយ ដើម្បីទ្រទ្រង់ ទៅលើការអភិវឌ្ឍន៍ស្រូវផង និងរក្សាស្ថិរភាពថ្លៃស្រូវផង ក្នុងនោះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានដើរតួនាទីជាអ្នកបញ្ចេញលុយដើម្បីធ្វើការអភិវឌ្ឍន៍ និងរក្សាស្ថិរភាពថ្លៃស្រូវអង្ករ ហើយមកដល់ម៉ោងនេះខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានទម្លាក់លុយចូលទៅក្នុងវិស័យស្រូវអង្ករប្រមាណជាង២០៨លានដុល្លារអាមេរិក ក្នុងនោះមានទុនវិនិយោគប្រមាណជាង៣០លានដុល្លារអាមេរិក ហើយសល់ក្រៅពីនោះគឺសុទ្ធតែជាទុនបង្វិលសម្រាប់ទិញស្រូវអង្ករលក់។

ឯកឧត្តមបានឱ្យដឹងថា ការទម្លាក់ទុនពិសេសរបស់រាជរដ្ឋាភិបាលកម្ពុជាទាំងចំនួន៥លើកកន្លងមកនេះ ដើម្បីទ្រទ្រង់ទៅលើការអភិវឌ្ឍន៍ស្រូវផង និងរក្សាស្ថិរភាពថ្លៃស្រូវផងប្រមាណជាង២០៨លានដុល្លារអាមេរិកនោះ លើកទី១ធ្វើឡើងកាលពីខែកញ្ញា ឆ្នាំ២០១៦ ហើយលើកទី៥ធ្វើឡើងនៅខែមិនា ឆ្នាំ២០២៤ ប្រមាណ៤០លានដុល្លារអាមេរិកសម្រាប់ទិញស្រូវពីបងប្អូនប្រជាកសិករ គឺទម្លាក់ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ហើយបន្ថែមពីលើនេះដោយសារតែស្ថានភាពស្រូវនៅពុំទាន់មានស្ថិរភាពនៅឡើយ រាជរដ្ឋាភិបាលនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥នេះបានសម្រេចទម្លាក់ប្រមាណ៣០លានដុល្លារអាមេរិកទៀត សម្រាប់យកទៅទិញស្រូវពីបងប្អូនប្រជាកសិករ នេះជាអ្វីដែលរាជរដ្ឋាភិបាលបានធ្វើអន្តរាគមន៍ជាបន្តបន្ទាប់នៅក្នុងបញ្ហាផលិតផលស្រូវរបស់ប្រជាកសិករយើង៕

ដោយ៖ ចាន់ សុភឿន




