ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា៖ សមិទ្ធផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងមិនអាចកាត់ផ្តាច់បាន ពីការចូលរួមចំណែកគាំទ្ររបស់ដៃគូអភិវឌ្ឍន៍
AKP ភ្នំពេញ ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានទទួលជួបពិភាក្សាការងារជាមួយ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅទីស្តីការក្រសួង។

ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី បានស្វាគមន៍ និងថ្លែងអំណរគុណដល់ធនាគារពិភពលោក ដែលបានសហការចូលរួមចំណែកគាំទ្រក្រសួងសុខាភិបាល ក្នុងការងារលើកកម្ពស់សុខភាពប្រជាជនកម្ពុជា តាមរយៈកិច្ចសហប្រតិបត្តិការអនុវត្តលើគម្រោងសុខាភិបាលនានា។

ទន្ទឹមនឹងនេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា សមិទ្ធផលទាំងឡាយក្នុងវិស័យសុខាភិបាល គឺជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមិនអាចកាត់ផ្តាច់បានពីការចូលរួមចំណែកគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍ទាំងឡាយបានទេ ក្នុងនោះធនាគារពិភពលោក គឺជាដៃគូសំខាន់មួយ។
ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍លើបញ្ហាប្រឈម ក៏ដូចជាដំណោះស្រាយបញ្ហា និងអាទិភាពសំខាន់ៗរបស់ក្រសួងសុខាភិបាល ដើម្បីអភិវឌ្ឍវិស័យសុខាភិបាលរបស់កម្ពុជា។

ក្នុងឱកាសនោះ លោកស្រី Tania Meyer នាយិកាគ្រប់គ្រងនៃធនាគារពិភពលោក ប្រចាំព្រះរាជាណាចក្រកម្ពុជា បានថ្លែងអបអរសាទរ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដឹកនាំក្រសួងសុខាភិបាល ប្រកបដោយទស្សនវិស័យវែងឆ្ងាយដែលនាំឱ្យវិស័យសុខាភិបាល បានទទួលនូវសមិទ្ធិផលជាច្រើនគួរជាទីមោទនៈ ក្នុងរយៈពេលជាង១ឆ្នាំ កន្លងមក និងបានជម្រាបជូនឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្រ្តី អំពីលទ្ធផលការងារជាមួយ ក្រសួងសុខាភិបាល និងបញ្ហាប្រឈមដែលកំពុងកើតមានក្នុងការអនុវត្តគម្រោងនានា នាពេលបច្ចុប្បន្ន និងអនាគត។
លោកស្រីបានបញ្ជាក់ជំហរយ៉ាងម៉ឹងម៉ាត់ថា ក្រោយពីបានស្តាប់ប្រសាសន៍ និងការលើកទឹកចិត្ត របស់ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី “ខ្ញុំ និងសហការី នៃធនាគារពិភពលោក សូមប្តេជ្ញាចិត្ត ពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់សុខុមាលភាពរបស់ប្រជាជនកម្ពុជា ស្របតាមគោលដៅរបស់ក្រសួងសុខាភិបាល និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា"៕
ដោយ ទេស ច័ន្ទសុធារី (ប្រភព៖ ក្រសួងសុខាភិបាល)





