រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ដើម្បីលើកស្ទួយវិស័យទេសចរណ៍ក្រសួងព័ត៌មាន ក៏ដូចជាបណ្តាញសារព័ត៌មាន ត្រូវចូលរួមទប់ស្កាត់ព័ត៌មានក្លែងក្លាយដែលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ ២០២៥ – ដើម្បីលើកស្ទួយវិស័យទេសចរណ៍ ក្រសួងព័ត៌មានមានតួនាទីចូលរួមទប់ស្កាត់រាល់ការផ្សាយព័ត៌មានក្លែងក្លាយ ដើម្បីលើកស្ទួយមុខមាត់ប្រទេសជាតិក៏ដូចជាវិស័យទេសចរណ៍ឱ្យកាន់តែរីកចម្រើនដែលជាទីទទួលស្គាល់លើពិភពលោក។ ជាមួយគ្នានេះក្រសួងព័ត៌មានក៏ដូចជាបណ្តាញសារព័ត៌មាននៅកម្ពុជាមានតួនាទីចូលរួមផ្សព្វផ្សាយពីសក្តានុពលវិស័យទេសចរណ៍នៅក្នុងប្រទេសកម្ពុជារបស់យើង។នេះជាការថ្លែងបញ្ជាក់ពីសំណាក់ ឯកឧត្តម នេត្រ ភក្រ្តារដ្ឋមន្រ្តីក្រសួងព័ត៌មាន។

ថ្លែងក្នុងពិធីផ្សព្វផ្សាយ”ការលើកកម្ពស់វិស័យទេសចរណ៍ និងការប្រឆាំងព័ត៌មានក្លែងក្លាយ”ដែលបានរៀបចំឡើងនៅក្រសួងព័ត៌មាននាថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៥ ឯកឧត្តម នេត្រ ភក្រ្តា បានឳ្យដឹងថា៖ចំពោះការដែលផ្សព្វផ្សាយព័ត៌មានពិត ហើយច្បាស់លាស់នោះនឹងធ្វើឱ្យភ្ញៀវទេសចរ ដែលធ្វើដំណើរមកកាន់ប្រទេសកម្ពុជារបស់យើងមានជំនឿទុកចិត្ត និងមានភាពកក់ក្តៅ ហើយត្រូវនឹងអ្វីដែលពួកគេចង់បាន។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មានបានមានប្រសាសន៍ថា”វិស័យទេសចរណ៍គឺជាសរសរស្តម្ភមួយនៃកំណើនសេដ្ឋកិច្ចកម្ពុជា ហើយសេដ្ឋកិច្ចកម្ពុជាយើងក៏បានពឹងផ្អែកលើវិស័យទេសចរណ៍សំខាន់ផងដែរ”។
ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា៖ពិតណាស់ភ្ញៀវទេសចរត្រូវការព័ត៌មានជាចាំបាច់ ហើយនៅពេលដែលភ្ញៀវទេសចរកំណត់ទិសដៅរបស់គាត់ក្នុងដំណើរទស្សនកិច្ចនៅក្នុងទីតាំងណាមួយ គឺគាត់នឹងតែងព្យាយាមប្រមូលព័ត៌មាន ក៏ដូចជាស្វែងរកនូវព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងទីតាំងក៏ដូចជាប្រទេសដែលគាត់កំណត់ទិសដៅទៅទស្សនា។កន្លងមកនេះសារព័ត៌មានរបស់យើងបានបង្កើនការផ្សព្វផ្សាយអំពីវិស័យទេសចរណ៍ របស់យើងនៅក្រៅប្រទេស ចំណែកក្រសួងទេសចរណ៍ក៏បានខិតខំប្រឹងប្រែងផលិតស្បត និងសហការណ៍ជាមួយប្រព័ន្ធផ្សព្វផ្សាយក្រៅប្រទេសផ្សេងៗទៀតទៅលើសក្តានុពលទេសចរណ៍ និងក៏ដូចជាភាពសម្បូរបែប វប្បធម៌ ប្រពៃណីទំនៀមទំលាប់ និងតំបន់ទេសចរណ៍ធម្មជាតិ ក្នុងទិសដៅដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ មកទស្សនានៅកម្ពុជា។ទោះបីយ៉ាងណាទន្ទឹមជាមួយការផ្សព្វផ្សាយនេះក៏មានព័ត៌មានមួយចំនួនបានផ្សព្វផ្សាយពីព័ត៌មានមិនពិតដែលធ្វើឱ្យភាពស្រស់ស្អាតនៃវិស័យទេសចរណ៍ផ្លាស់ប្តូរព៌ណទៅជាស្រអាប់ គេមើលមកមិនល្អផងដែរ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានបញ្ជាក់ជុំវិញបញ្ហានេះថា”ក្នុងនេះដូចជាក្រុមផលិតមាតិការ ក្រុមអ្នករកលុយតាមអនឡាញឬក្រុម MMO បានបង្កើតព័ត៌មានដើម្បីយកត្រឹម Like និង Share ដោយមិនបានគិតទៅដល់ផលប៉ះពាល់អំពីការផ្សព្វផ្សាយរបស់ខ្លួនទៅកាន់ពិភពលោក”។
ឯកឧត្តមនេត្រ ភក្រ្តា បានធ្វើការពន្យល់ជុំវិញព័ត៌មានក្លែងក្លាយនេះថា៖សម្រាប់ការបង្កើតព័ត៌មានក្លែងក្លាយគេធ្វើឡើងក្នុងគោលបំណងច្រើន។ព័ត៌មានក្លែងក្លាយនេះគេចែកជា៣ប្រភេទ ទី១គឺព័ត៌មានបំភ្លៃ ទី២ជាព័ត៌មានក្លែងបន្លំ និងទី៣ព័ត៌មានភាន់ច្រឡំ ដែលព័ត៌មានបំភ្លែ និងព័ត៌មានក្លែងបន្លំបង្កើតឡើងមកដើម្បីអំពើទុច្ចរិត ដែលមានបំណងអាក្រក់ក្នុងហ្នឹងរួចស្រេចទៅហើយ ក្នុងនេះក្នុងគេបង្កើតឡើងមកក្នុងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច និងក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះកិត្តិយស បុគ្គល អង្គភាព និងស្ថាប័នជាដើម។ ។ចំណែកព័ត៌មានភាន់ច្រឡំគឺអចេតនា ដែលកើតឡើងដោយចៃដន្យឬក៏គេមានការភាន់ច្រឡំ ។

រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងដែរថាកន្លងមកនេះមានក្រុមនុស្សមួយចំនួនដោយការចាញ់ល្បែងស៊ីសង ឬលង់ខ្លួនក្នុងការបោកប្រាស់អ្វីមួយ ហើយដើម្បីដោះស្រាយចំពោះមុខក្រុមគ្រួសារ ឬចង់បានថវិការអ្វីមួយគេក៏បង្កើតរឿងជាជនរងគ្រោះហើយថតជាវីដេអូ ដើម្បីផ្សព្វផ្សាយចេញទៅតាមបណ្តាញសង្គម។ ចំពោះព័ត៌មានបែបនេះនៅពេលផ្សព្វផ្សាយច្រើនដង បើយើងមិនបានទប់ទល់វានឹងក្លាយជារឿងពិត បង្កើតឱ្យជាការយល់ច្រឡំហើយធ្វើឱ្យគេភាន់ច្រឡំពីកម្ពុជា ដែលតាមពិតកម្ពុជា ស្ថិតនៅក្នុងក្រោមដំបូលសុខសន្តិភាព សេរីភាព ការអភិវឌ្ឍន៍ លំហសេរីភាពពេញលេញ មានសុខសុវត្តិភាពពេលធ្វើដំណើរ គ្រប់ទីតាំងនៃតំបន់ទេសចរណ៍ រូបភាពមួយទៀតកកម្ពុជាស្ថិតនៅលើបបូរមាត់ និងបណ្តាញសង្គមផ្សព្វផ្សាយរបស់បរទេសដែលបង្កប់ របៀបវារៈនយោបាយទុច្ចរិត ដែលក្រោមរូបភាពចង់ផ្តួលរំលំនយោបាយស្របច្បាប់ដោយគេបង្កប់ឱ្យឃើញកម្ពុជាដែលពោរពេញទៅដោយភាពខ្មៅងងឹត អសន្តិសុខ អសុវត្តិភាព មានបញ្ហាជាច្រើនកើតឡើង ។ផ្ទុយស្រឡះមកវិញបណ្តាភ្ញៀវដែលមកទស្សនាកម្ពុជាគេនឹងបានឃើញអ្វីដែលមិនដូចនឹងការផ្សព្វផ្សាយជនទាំងនោះឡើយ។
ដោយឡែក ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានថ្លែងថា បណ្តាញព័ត៌មានទាក់ទាញខ្លាំងណាស់ សម្រាប់ភ្ញៀវទេសចរ ។សម្រាប់ការទាក់ទាញនេះទៀតសោតមានទាំងល្អ និងអាក្រក់។ដែលមានន័យថាបើយើងផ្សព្វផ្សាយល្អនោះភ្ញៀវនឹងចូលមកទស្សនាកម្ពុជា ហើយយើងនឹងទទួលបាននូវផលប្រយោជន៍ជាតិ តែផ្ទុយមកវិញបើគេផ្សព្វផ្សាយពីអាក្រក់កម្ពុជាដោយព័ត៌មានក្លែងក្លាយ វាតែងជះផលអាក្រក់ដល់វិស័យទេសចរណ៍ ដែលយើងចាំបាច់ត្រូវរួមគ្នាទប់ទល់ទាំងអស់គ្នា។ឯកឧត្តម រដ្ឋមន្រ្តីបានមានប្រសាសន៍ថា”ការផ្សព្វផ្សាយរបស់អ្នកសារព័ត៌មាន កន្លងមក បានជួយដល់វិស័យច្រើនណាស់។ជាមួយគ្នានេះខ្ញុំសុំឱ្យគ្រប់ភាគីចូលរួមជួយលើកស្ទួយវិស័យទេសចរណ៍របស់យើងពីព្រោះថាវាបានជួយរួមចំណែកក្នុងការជួយដល់ប្រជាពលរដ្ឋ និងក៏ដូចជាសេដ្ឋកិច្ចប្រទេសជាតិយើង”។
បើតាមឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឱ្យដឹងថាឆ្នាំ២០២៤ កន្លងទៅ កម្ពុជាមានភ្ញៀវទេសចរចំនួន ៦,៧លាននាក់ដែលស្ថិតិនេះលើសពីឆ្នាំ២០១៩ដែលជាអំឡុងពេលមុននៃការផ្ទុះជំងឺកូវីដ១៩ផងដែរ៕
ដោយ៖ដេប៉ូ




