អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥–ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា កាលពីរសៀលថ្ងៃពុធ ២រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូវិនិយោគិនចិនដឹកនាំដោយលោក Tang Changzhong ប្រធានក្រុមហ៊ុន Beijing Endi (Group) Co., Ltd. ដែលជាក្រុមហ៊ុនវិនិយោគក្នុងវិស័យរ៉ែ មកពីរដ្ឋធានីប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន។


ជាកិច្ចចាប់ផ្តើម ឯកឧត្តមអគ្គលេខាធិការបានសម្តែងនូវការស្វាគមន៍ជូនចំពោះគណៈប្រតិភូ និងបានធ្វើការកត់សម្គាល់អំពីភាពរីកលូតលាស់នៃទំនាក់ទំនងកម្ពុជា-ចិន ដែលបានឈានដល់កម្រិតខ្ពស់បំផុត។ ឯកឧត្តមអគ្គលេខាធិការក៏បានធ្វើអត្ថាធិប្បាយអំពីបរិយាកាស និងរបបវិនិយោគកម្ពុជាដែលមានភាពអំណោយផល និងបើកចំហសម្រាប់វិនិយោគិនដោយគ្មានរើសអើង និងបានលើកឡើងពីរំហូរគម្រោងវិនិយោគផ្ទាល់ពីចិនលើទឹកដីកម្ពុជាដែលតែងតែឈរនៅលំដាប់កំពូលជានិច្ចក្នុងរយៈពេល១ទសវត្សរ៍ចុងក្រោយ ហើយនិន្នាការនៃកំណើនត្រូវបានរំពឹងថានឹងបន្តកើនឡើង។

មានមតិក្នុងជំនួបខាងលើនេះ លោក Tang Changzhong ប្រធានគណៈប្រតិភូបានសម្តែងនូវការអរគុណដល់ឯកឧត្តមអគ្គលេខាធិការដែលបានចំណាយពេលវេលាទទួលជួបគណៈប្រតិភូក្រុមហ៊ុន និងបានជម្រាបជូនថា ក្រុមហ៊ុនមានបំណងពង្រីកការវិនិយោគមកកម្ពុជាក្នុងវិស័យរ៉ែ ហើយក៏បានមានការគិតគូរពីការបង្កើតនូវវិទ្យាស្ថានបណ្តុះបណ្តាលជំនាញបច្ចេកទេសជូនដល់កម្មករនិយោជិតកម្ពុជាក្នុងវិស័យរ៉ែផងដែរ។

ឯកឧត្តមអគ្គលេខាធិការបានស្វាគមន៍គម្រោងពង្រីកការវិនិយោគរបស់ក្រុមហ៊ុនមកកម្ពុជា និងថ្លែងអំណរគុណដល់ក្រុមហ៊ុនដែលបានគិតដល់ការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យរ៉ែ។ យ៉ាងណាមិញ ឯកឧត្តមអគ្គលេខាធិការបានណែនាំឱ្យក្រុមហ៊ុនធ្វើការពិភាក្សាលក្ខណៈបច្ចេកទេសលម្អិតជាមួយក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងមានសមត្ថកិច្ចក្នុងវិស័យរ៉ែជាមុនសិន។ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រង់ចាំសម្របសម្រួល និងទទួលសំណើសុំចុះបញ្ជីគម្រោងវិនិយោគរបស់ក្រុមហ៊ុនដោយក្តីរីករាយ៕
ដោយ៖ គង់ សិរីរ័ត្ន,ប្រភព៖ CDC




