រដ្ឋបាលខេត្តកណ្តាលបើកកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៃវិស័យឯកជន
AKP កណ្ដាល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកណ្តាល នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៃវិស័យឯកជននៅថ្នាក់ខេត្ត ក្រោមអធិបតីភាពឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត អាជ្ញាធរក្រុង-ស្រុក និងម្ចាស់ក្រុមហ៊ុន ម្ចាស់អាជីវកម្ម សហគ្រាសក្នុងខេត្តផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា រដ្ឋបាលខេត្តកណ្តាលរៀបចំកិច្ចពិគ្រោះយោបល់នេះឡើង ដើម្បីផ្តល់ការគាំទ្រដល់ការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេល៥ឆ្នាំ ផែនការវិនិយោគ៣ឆ្នាំរំកិល និងការអនុវត្តផែនការវិនិយោគប្រចាំឆ្នាំរបស់ខេត្ត តាមរយៈការបង្កើតឱ្យមានវេទិកាពិភាក្សាពិគ្រោះយោបល់ សម្រាប់តួអង្គអភិវឌ្ឍន៍នានានៅរដ្ឋបាលថ្នាក់ក្រោមជាតិ ដៃគូអភិវឌ្ឍន៍ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល វិស័យឯកជន និងសហគមន៍មូលដ្ឋាន ដើម្បីពិនិត្យវឌ្ឍនភាពក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច របស់រដ្ឋបាលខេត្តតាមវិស័យ និងតាមប្រធានបទជាក់លាក់ និងពិភាក្សាអំពីបញ្ហាប្រឈម និងអនុវត្តវិធានការចាំបាច់នានា ស្របតាមដែនសមត្ថកិច្ចរបស់តួអង្គអភិវឌ្ឍន៍នីមួយៗ។

កិច្ចពិគ្រោះយោបល់នេះនឹងពិនិត្យមើលពីវឌ្ឍនភាពស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូ នៃវិស័យឯកជននៅក្នុងខេត្ត ដែលបានអនុវត្តនាពេលកន្លងមក ដើម្បីឱ្យគ្រប់តួអង្គនៃការអភិវឌ្ឍនីមួយៗ មានការយល់ដឹងកាន់តែច្បាស់ និងទទួលបាននូវធាតុចូលកាន់តែច្រើនបន្ថែមទៀត ព្រមទាំងមានការចែករំលែកពីចំណាប់អារម្មណ៍ តាមរយៈបទបង្ហាញ និងកិច្ចពិភាក្សារួមគ្នាលើដំណើរការងារសំខាន់ៗនានា សំដៅស្វែងរកចំណុចខ្លាំង ចំណុចខ្សោយ ឬបញ្ហាប្រឈម ពីការអនុវត្តនាពេលកន្លងមក ឱ្យទទួលបានលទ្ធផលគ្រប់ជ្រុងជ្រោយ។ រដ្ឋបាលខេត្តដែលមានអនុគណៈកម្មាធិការវិនិយោគខេត្តជាសេនាធិការនឹងរៀបចំឱ្យមានកិច្ចពិគ្រោះយោបល់ភាពជាដៃគូនៅថ្នាក់ខេត្ត ១ដងក្នុង១ឆ្នាំ ស្របតាមគោលការណ៍ណែនាំ ឬលើសពីនេះយោងតាមការចាំបាច់។

សូមបញ្ជាក់ផងដែរថា ខ្លឹមសារនៃកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ និងភាពជាដៃគូនៃវិស័យឯកជននៅថ្នាក់ខេត្ត ផ្តោតទៅលើខ្លឹមសារសំខាន់ចំនួន៤ រួមមាន៖ ទី១. លើកកម្ពស់អភិក្រមនៃការចូលរួមប្រកបដោយបរិយាបន្ន ដើម្បីពិនិត្យវឌ្ឍនភាពនៃក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត និងពិភាក្សាបញ្ហាប្រឈម ព្រមទាំងកំណត់សកម្មភាពសម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនោះស្របតាមដែនសមត្ថកិច្ចការងាររៀងៗខ្លួន។ ទី២. ពង្រឹងរចនាសម្ព័ន្ធ និងសមត្ថភាពគ្រប់គ្រងរបស់រដ្ឋបាលថ្នាក់ខេត្ត ដើម្បីដោះស្រាយគម្លាតនៃកិច្ចអភិវឌ្ឍន៍នៅមូលដ្ឋាន និងធានាសង្គតិភាពក្នុងការធ្វើសកម្មភាពរបស់បណ្តាតួអង្គអភិវឌ្ឍន៍។ ទី៣. ពង្រឹងគុណភាព និងប្រសិទ្ធភាពនៃការផ្តល់សេវាសាធារណៈ តាមមូលដ្ឋានឱ្យកាន់តែប្រសើរឡើង សំដៅលើកកម្ពស់ជីវភាពរស់នៅ និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ និងទី៤. ចែករំលែកព័ត៌មានប្រកបដោយប្រសិទ្ធភាព គណនេយ្យភាព និងតម្លាភាពរវាងតួអង្គអភិវឌ្ឍន៍ទាំងអស់ ដែលបានផ្តល់ការគាំទ្រ ឬអនុវត្តសកម្មភាពនៅតាមមូលដ្ឋាន និងបំពេញបន្ថែមឱ្យយន្តការដទៃទៀតដែលកំពុងអនុវត្តនៅរដ្ឋបាលខេត្ត៕
ដោយ ណយ នឿន (ប្រភព៖ រដ្ឋបាលខេត្តកណ្តាល)





