អង្គការសន្សំម្លប់ព្រៃ និងក្រុមហ៊ុន NetZeroAg រៀបចំសិក្ខាសាលាស្តីពីការអនុវត្ដបច្ចេកទេសគ្រប់គ្រងសំណើម និងភាពស្ងួត ដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥--
អង្គការសន្សំម្លប់ព្រៃ និងក្រុមហ៊ុន ណេតសឺរ៉ូ អេជី NetZeroAg (NZA) នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានរៀបចំសិក្ខាសាលាស្តីពី «ការអនុវត្ដ បច្ចេកទេសគ្រប់គ្រងសំណើម និងភាពស្ងួតដើម្បីកាត់បន្ថយការបំភាយឧស្ម័នមេតាន» ទៅដល់ប្រជាកសិករ និងដៃគូពាក់ព័ន្ធ ក្នុងខេត្តកំពង់ធំ ។

លោក កែវ សុជាតិ នាយកប្រតិបត្ដិនៃអង្គការសន្សំម្លប់ព្រៃ បានឱ្យដឹងថា ការអនុវត្ដបច្ចេកទេសនៃការគ្រប់គ្រងសំណើម និងភាពស្ងួតលើដំណាំស្រូវដល់កសិករក្នុងខេត្ដកំពង់ធំ គឺដើម្បីកាត់បន្ថយការប្រើប្រាស់ទឹក ជួយបង្កើនទិន្នផលស្រូវ និងកាត់បន្ថយការបំភាយឧស្ម័នមេតានចូលទៅក្នុងបរិយាកាស។

ការអនុវត្ដគម្រោងនេះនឹងធ្វើសាកល្បងជាមួយប្រជាកសិករចំនួន១០០គ្រួសារ លើផ្ទៃដីសាកល្បងជុំវិញប្រមាណ២០០ហិកតា។ លោកនាយកប្រតិបត្ដិនៃអង្គការសន្សំម្លប់ព្រៃ បន្តថា គម្រោងសាកល្បងនេះនឹងធ្វើឡើងដោយមានសក្តានុពលសម្រាប់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព ដែលមានទីតាំងនៅក្នុងស្រុកស្ទោង និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ៕

ដោយ ណយ នឿន (ប្រភព៖ អង្គការសន្សំម្លប់ព្រៃ)





