អភិបាលស្រុកតាំងគោកដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករដែលកំពុងប្រឈមបញ្ហាខ្វះទឹក
AKP កំពង់ធំ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥--
លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ បានដឹកនាំអាជ្ញាធរឃុំ និងក្រុមការងារ ចុះពិនិត្យស្ថានភាពស្រូវប្រាំងរបស់ប្រជាកសិករនៅឃុំទ្រៀល ស្រុកតាំងគោក ដើម្បីរកដំណោះស្រាយធ្វើការបូមទឹកសង្គ្រោះបានទាន់ពេលវេលា។

លោក ហាក់ ម៉ុងហួត បានលើកឡើងថា ដោយទទួលបានការរាយការណ៍ពីអាជ្ញាធរភូមិ/ឃុំ អំពីស្ថានភាពស្រូវប្រាំងវគ្គ២ដែលកំពុងប្រឈម និងបញ្ហាខ្វះទឹកសម្រាប់ស្រោចស្រព លោកបានដឹកនាំក្រុមការងារចុះមកពិនិត្យដោយផ្ទាល់ និងបានជំរុញដល់មន្ត្រីជំនាញពាក់ព័ន្ធ ត្រូវយកចិត្តទុកដាក់ ចុះសិក្សាស្វែងយល់ដល់មូលដ្ឋានដោយពិនិត្យមើលស្ថានភាព លទ្ធភាពជាក់ស្ដែងនូវរាល់ប្រភពទឹកដើម្បីធ្វើយ៉ាងណាជួយអន្តរាគមន៍បូម ឬបញ្ជូនទឹកបញ្ចូលស្រែ ជួយសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋ ដែលប្រឈមនឹងការខូចខាត ដោយសារខ្វះទឹក គឺមិនត្រូវទុកឱ្យមានការខូចខាត ដោយយើងមិនបានជួយពួកគាត់ឱ្យអស់លទ្ធភាព។

លោកបានបន្តថា ចំពោះបញ្ហាប្រឈម សំណូមពរ និងការលំបាករបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានគឺសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់គ្រប់កាលៈទេស និងដោះស្រាយបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ជាពិសេសសម្ដេចទាំងទ្វេ តែងតែបានណែនាំ និងជំរុញដល់ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឱ្យបានជាប្រចាំ ដើម្បីចុះជួយអន្តរាគមន៍ដោះស្រាយ ជូនប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។

ក្នុងឱកាសនោះ លោកអភិបាលស្រុកបានសំណូមពរដល់បងប្អូនប្រជាកសិករ ត្រូវចូលរួមសហការជាមួយមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ដើម្បីឱ្យការងារជួយអន្តរាគមន៍សង្គ្រោះស្រូវ តាមរយៈការបូម ឬបញ្ជូនទឹកបញ្ចូលស្រែបានដោយរលូន ទាន់ពេលវេលា ប្រកបដោយសមធម៌ និងតម្លាភាព ដែលជាការរួមចំណែកលើកស្ទួយជីវភាពពលរដ្ឋតាមរយៈវិស័យកសិកម្ម។ប្រជាកសិករបានសំដែងនូវភាពរីករាយ និងថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំ ដែលបានយកចិត្តទុកដាក់ក្នុងការជួយអន្តរាគមន៍រកដំណោះស្រាយ បញ្ហាស្រូវប្រាំងរបស់ពួកគាត់ ដែលកំពុងខ្វះខាតទឹក ព្រោះថាស្រូវរបស់ពួកគាត់ទើបតែចាប់ផ្តើមផើម បើដាក់ទឹកមិនទាន់ពេលវេលានោះទេគឺអាចប្រឈមនឹងការខូចខាតទាំងស្រុង៕
ដោយ ស៊ុម វណ្ណា




