សិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផលការងាររបស់គ.ក.ស.កខេត្តសៀមរាបប្រចាំឆ្នាំ២០២៤ និងលើកទិសដៅឆ្នាំ២០២៥
AKP សៀមរាប ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តសៀមរាបបានបើកសិក្ខាសាលាដើម្បីឆ្លុះបញ្ចាំងលទ្ធផលការអនុវត្តការងាររបស់គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ដែលហៅកាត់ថាគ.ក.ស.ក ប្រចាំឆ្នាំ២០២៤ និងលើកទិសដៅអនុវត្តការងារបន្តឆ្នាំ២០២៥ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ នៅសាលប្រជុំនៃសាលាខេត្តសៀមរាប ក្រោមអធិបតីភាពឯកឧត្តម តោ គឹមស៊ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកជំទាវ ស៊ិន ណម ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារនៃក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ននី រងី្ស អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីអស់លោក លោកស្រីជាសមាជិកគ.ក.ស.កខេត្ត ក្រុង-ស្រុក និងឃុំ សង្កាត់ តំណាងអង្គការជាដៃគូ ប្រមាណជា២០០នាក់ចូលរួម។

លោកជំទាវ ស៊ិន ណម បានឱ្យដឹងថា សិក្ខាសាលានេះនឹងផ្ដល់នូវបទពិសោធន៍ល្អៗដល់សិក្ខាកាមក្នុងការយកទៅអនុវត្តបន្តក្នុងឆ្នាំខាងមុខ ហើយក៏ជាកម្លាំងចលករជំរុញឱ្យមានការអភិវឌ្ឍនៅថ្នាក់ក្រោមជាតិ និងលើកកម្ពស់សមភាពយេនឌ័រ ស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះនៅមូលដ្ឋាន។ ហើយក៏ជាការឆ្លុះបញ្ចាំងក្នុងការផ្តល់ឱកាសឱ្យអ្នកចូលរួមទាំងអស់មានទំនាក់ទំនង និងសហការគ្នាក្លាយជាធ្លុងមួយក្នុងការលើកកម្ពស់ព្រមទាំងជំរុញការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តី។
ជាមួយគ្នានេះដែរ លោកស្រី ម៉ននី រងី្ស ក៏បានមានប្រសាសន៍ថា ដើម្បីឆ្លើយតបតាមតម្រូវការ និងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋ ពិសេសស្ត្រី និងកុមារ ប្រកបដោយបរិយាបន្ន និងសមធម៌សង្គមក្នុងក្របខ័ណ្ឌនៃរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្នុងបរិបទដែលប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជា បាន និងកំពុងអាស្រ័យផលពីសន្តិភាព សុវត្ថិភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងស្ថេរភាពនយោបាយ ដែលបានផ្តល់ឱកាសឱ្យយើងទាំងអស់គ្នាបានចូលរួមក្នុងកិច្ចអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យជាបន្តបន្ទាប់។

គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត គឺជាគណៈកម្មាធិការដ៏មានសារៈសំខាន់មួយក្នុងចំណោមគណៈកម្មាធិការទាំងបីរបស់ក្រុមប្រឹក្សាខេត្ត ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីផ្តល់យោបល់ និងលើកជាអនុសាសន៍ជូនក្រុមប្រឹក្សា គណៈអភិបាល និងគណៈកម្មាធិការដទៃទៀតរបស់ក្រុមប្រឹក្សាលើបញ្ហាពាក់ព័ន្ធនឹងសមភាព យេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះដែលស្ថិតនៅក្នុងអំណាចមុខងារ និង ភារកិច្ចរបស់ក្រុមប្រឹក្សា។

លោកស្រីបានឱ្យដឹងទៀតថា អង្គសិក្ខាសាលានេះនឹងផ្តល់ឱកាសជូនលោក លោកស្រី ចូលរួមពិនិត្យ និងឆ្លុះបញ្ចាំងនូវការអនុវត្តគោលនយោបាយជាតិ កម្មវិធី និងផែនការយុទ្ធសាស្ត្រនានារបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពរស់នៅនិងកិច្ចគាំពារ សុខុមាលភាពរបស់ប្រជាពលរដ្ឋ ជាពិសេសស្ត្រី និងកុមារ និងជនងាយរងគ្រោះ ដូចជា ផែនការយុទ្ធសាស្ត្រនារីរតនៈទី៦ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១នៃរាជរដ្ឋាភិបាលអាណត្តិទី៧ គោលនយោបាយជាតិគាំពារសង្គម(២០១៦-២០២៥) កម្មវិធីជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២ (ឆ្នាំ២០២១-២០៣០) និងការលើកកម្ពស់ សមភាពយេនឌ័រ បង្កើនភាពអង់អាចដល់ស្ត្រីប្រកបដោយសមធម៌ និងបរិយាបន្ន ទាំងក្នុងការតែងតាំង ការគ្រប់គ្រងបុគ្គលិក ការរៀបចំផែនការអភិវឌ្ឍន៍៥ឆ្នាំ កម្មវិធីវិនិយោគបីឆ្នាំរំកិលប្រចាំឆ្នាំ ការរៀបចំ និងចាត់ចែងថវិកាព្រមទាំងកម្មវិធីនានាដើម្បីធានាបញ្ហាសមភាពយេនឌ័រ បញ្ហាស្ត្រី យុវវ័យ កុមារ និងជនងាយរងគ្រោះ ត្រូវបានយកចិត្តទុកដាក់ដោះស្រាយ៕
ដោយ ហង្ស សៀក




