ឯកឧត្តម ជា សុមេធី អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយចែកជូនកុមារកំព្រានៅមណ្ឌលកំពង់ឆ្នាំង
AKP កំពង់ឆ្នាំង ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានអញ្ជើញចុះសាកសួរសុខទុក្ខ និង នាំយកអំណោយចែកជូនដល់កុមារកំព្រា ដែលស្នាក់នៅក្នុងមណ្ឌលកំព្រាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ អមដំណើរដោយឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងឯកឧត្តម លោកជំទាវប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត និងលោកគ្រូ អ្នកគ្រូចូលរួមផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម ជា សុមេធី បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលជានិច្ចកាលសម្តេចតែងតែនឹករលឹកដល់កុមារកំព្រា ដែលបាន និងកំពុងស្នាក់នៅគ្រប់មណ្ឌលកុមារកំព្រាទូទាំងប្រទេស។ កុមារកំព្រាទាំងអស់ត្រូវចេះថែរក្សាសុខភាព និងចេះថែរក្សាអនាម័យក្នុងការរស់នៅ ដូចជា រស់នៅស្អាត ហូបស្អាត ត្រូវចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងត្រូវប្រឹងប្រែងខិតខំរៀនសូត្រ។ ចំពោះលោកគ្រូ អ្នកគ្រូវិញ ត្រូវបន្ថែមការយកចិត្តិទុកដាក់ក្នុងការថែទាំ និងធ្វើការអប់រំកុមារដែលបានរស់នៅក្នុងមណ្ឌលកុមារកំព្រាខេត្តកំពង់ឆ្នាំងនេះ ឱ្យដូចជាកូនបង្កើតរបស់ខ្លួនផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមបានជំរុញឱ្យអាជ្ញាធរមូលដ្ឋានដាក់ការរៀបចំក្របខ័ណ្ឌច្បាប់ គឺជាជំហានដំបូង ដើម្បីផ្តល់នូវការការពារផ្លូវច្បាប់ដល់កុមារ និងក្មេងជំទង់ ដែលនៅបន្តប្រឈមមុខខ្ពស់នៃការបោះបង់ចោលការសិក្សា ការមានផ្ទៃពោះនៅក្មេងបឋមវ័យ ការរៀបអាពាហ៍ពិពាហ៍របស់កុមារ និងអំពើហិង្សា។ មូលហេតុមួយគឺដោយសារតែឥរិយាបថសង្គម ដែលបង្កឱ្យមានអំពើហិង្សាកើតមានឡើង និងដោយសារចំនួនសេវាគាំទ្រសម្រាប់កុមារ និងក្មេងជំទង់ក្នុងវិស័យសំខាន់ៗ ដូចជាអប់រំ ការងារសង្គម សុខភាព និងយុត្តិធម៌ នៅមានកម្រិតនៅឡើយ។

នាឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា យកចិត្តទុកដាក់ និងគិតគូរពីសុខទុក្ខកុមារកំព្រាគ្រប់ទីកន្លែងដើម្បីឱ្យចៅៗបានសិក្សារៀនសូត្រដូចកុមារដទៃទៀតផងដែរ។ ចៅៗទាំងអស់ឱ្យចេះស្រឡាញ់គ្នាដូចបងប្អូន ខិតខំថែទាំសុខភាព និងខិតខំរៀនសូត្រព្រោះចៅៗជាទំពាំងស្នងឫស្សី ត្រូវដើរតាមមាគ៌ាល្អ ចៀសឱ្យឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខផ្សេងៗដែមសង្គមស្អប់ខ្ពើម ចៅៗពិតជាក្លាយខ្លួនជាមនុស្សល្អ និងមានប្រយោជន៍សម្រាប់អនាគតខ្លួន គ្រួសារ និងសង្គមជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម និងមន្ត្រីអមដំណើរបានឧបត្ថម្ភថវិកាចំនួន៥៥០.០០០រៀល អង្ករ២៥០គីឡូក្រាម ត្រីខ១កេសធំ មី២កេស ទឹកសុទ្ធ៥កេស ភេសជ្ជៈកូកាកូឡា២កេស និងផ្តល់ថវិកាដល់កុមារកំព្រា និងអ្នកគ្រប់គ្រង២៥នាក់ ក្នុងម្នាក់ទទួលបាន២៥០០០រៀលផងដែរ៕
ដោយ បៃ ស៊ីថុន




