ឯកឧត្តម ឆាយ ឆត្រាវុធ ដឹកនាំគណៈប្រតិភូចុះពិនិត្យវាយតម្លៃ និងទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅសាលាមតេ្តយ្យសិក្សាធនធានកកោះ
AKP បន្ទាយមានជ័យ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥--ឯកឧត្តម ឆាយ ឆត្រាវុធ រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈប្រតិភូ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធាន គ.វ.ជ បានអញ្ជើញដឹកនាំគណៈកម្មការតំណាងទីស្ដីការគណៈរដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ក្រសួងអប់រំ ក្រសួងមហាផ្ទៃ ក្រសួងបរិស្ថាន និងក្រសួងសេដ្ឋកិច្ច ហិរញ្ញវត្ថុព្រមទាំងក្រុមការងារថ្នាក់ខេត្ត មន្ទីរអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ បានធ្វើការចុះពិនិត្យក្នុងការវាយតម្លៃ និងការទទួលស្គាល់អង្គភាពផ្ដល់សេវាសាធារណៈគំរូក្នុងវិស័យអប់រំ នៅសាលាមតេ្តយ្យសិក្សាធនធានកកោះ ស្ថិតនៅភូមិកកោះ ឃុំស្លក្រាម ក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥នេះ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការបានមានប្រសាសន៍ថា ការចុះវាយតម្លៃនេះគឺមានភាពយុត្តិធម៌ តម្លាភាពបរិយាបន្នដែលជាដំណើរការមួយធ្វើឱ្យមានជំនឿទុកចិត្តទៅដល់គណៈកម្មការវាយតម្លៃ ក៏ដូចជាជំនឿទុកចិត្តទៅលើអាណាព្យាបាល និងសហគមន៍ អាជ្ញាធរគ្រប់កម្រិតថ្នាក់រាល់ការជ្រើសរើសគឺចេញពីទិដ្ឋភាព២គឺ៖ ទី១. ស្តាប់ការបង្ហាញរបស់គណៈគ្រប់គ្រងសាលា និងទី២. ចុះពិនិត្យទីតាំងជាក់ស្តែងដែលមានអ្វីចង់បង្ហាញដល់គណៈកម្មការដែលជាវត្ថុតាងជាក់ស្តែង។ ការចុះពិនិត្យជាក់ស្តែងគឺពិតជាមានសារៈសំខាន់ចំពោះលោកគ្រូអ្នកគ្រូ គណៈគ្រប់គ្រងសាលាទាំងអស់ ដោយត្រូវខិតខំប្រឹងប្រែងធ្វើយ៉ាងណាឆ្លើយតបឱ្យបានច្រើនជាអតិបរិមាចំពោះក្រុមការងារតាមផ្នែកនីមួយៗ ដើម្បីសន្សំពិន្ទុ ព្រោះការប្រកួតប្រជែងនេះយើងមិនដឹងថាអ្នកណាជាប់ចំណាត់ថ្នាក់លេខ១ លេខ២នោះទេ គឺក្នុងការជ្រើសរើសក្នុងចំណោមសាលាមត្តេយ្យទាំង១០នៅតាមបណ្តាខេត្តនោះ។

ជាមួយគ្នានោះ ឯកឧត្តមបានបញ្ជាក់ថា ការអភិវឌ្ឍមូលធននេះគឺជាទិដ្ឋភាពមួយដែលមានសារៈសំខាន់បង្ហាញពីចក្ខុវិស័យកសាងធនធានមនុស្សប្រកបដោយសមត្ថភាពប្រសិទ្ធភាព ក្នុងគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាល។ ជាពិសេសក្នុងផ្នែកអប់រំគឺជាផ្នែកមួយដ៏មានសារៈសំខាន់ក្នុងកម្រិតប្រកួតប្រជែងចង់ដឹងពីតួអង្គណាខ្លះដែលលេចធ្លោឡើង បើគ្មានការប្រកួតប្រជែងទេក៌គ្មានការវាយតម្លៃនោះដែរ។

ក្នុងឱកាសនោះដែរ លោក យឹម សំណាង អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា សាលាមត្តេយ្យសិក្សាធនធានកកោះគឺជាសាលាគំរូប្រចាំខេត្តបន្ទាយមានជ័យដោយកាលពីឆ្នាំសិក្សា២០២២-២០២៣កន្លងទៅ សាលានេះបានទទួលពានរង្វាន់សាលាស្តង់ដាជាគំរូចំណាត់ថ្នាក់លេខ១នៅទូទាំងប្រទេសក្នុងចំណោម១០សាលាមកពីតាមបណ្តាខេត្តដែលបានចូលរួមប្រឡងប្រណាំងនោះ និងសង្ឃឹមយ៉ាងជឿជាក់ថា ក្នុងការចុះពិនិត្យវាយតម្លៃនាពេលនេះយើងនឹងអាចធ្វើបានយកជ័យលាភីបន្តទៀតជូនភូមិឃុំស្រុក ជាពិសេសក្នុងខេត្តបន្ទាយមានជ័យរបស់យើងដើម្បីលើកមុខមាត់ក្នុងវិស័យអប់រំ។

រីឯលោកស្រី កុយ ម៉ារី គណៈគ្រប់គ្រងសាលាមត្តេយ្យសិក្សាធនធានកកោះ បានឱ្យដឹងថា ក្នុងដំណើរការវាយតម្លៃនៅទីតាំងជាក់ស្តែងរបស់បេក្ខភាពជ័យលាភីក្នុងដំណាក់កាលពិនិត្យមានវាយតម្លៃសម្រេចចុងក្រោយមានសមាសភាពអ្នកទទួលខុសត្រូវតាមផែនមាន៦ក្រុមក្នុងនោះ ១. ស្តង់ដារសេវាសាធារណៈ ២. ស្តង់ដានិយាមនៃការផ្តល់សេវាសាធារណៈក្នុងវិស័យអប់រំ ៣. ការគ្រប់គ្រងហិរញ្ញវត្ថុ ៤. ការគ្រប់គ្រង និងអភិវឌ្ឍន៍ធនធានមនុស្ស ៥. ការរៀបចំកែលម្អបរិស្ថាន និងទី៦. ទំនាក់ទំនងល្អជាមួយប្រជាពលរដ្ឋ៕

ដោយ ឈុន សារ៉ាត




