ឯកឧត្តម ឃួង ស្រេង បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឱ្យរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម។ បើប្រៀបធៀបក្នុងឆ្នាំ២០២៣ និងឆ្នាំ២០២៤ ជំងឺគ្រុនឈាមបានថយចុះប្រមាណជាង៤០ភាគរយផងដែរ។ ការថយចុះអត្រាជំងឺគ្រុនឈាមនេះគឺបានមកពីការខិតខំប្រឹងប្រែងរបស់អាជ្ញាធរមូលដ្ឋានខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ និងកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ដែលបានសហការគ្នាបាញ់ថ្នាំសម្លាប់មូសខ្លានៅក្នុងមូលដ្ឋានខណ្ឌទាំង១៤បានល្អប្រសើរ។

ឯកឧត្តមអភិបាលរាជធានីបានអំពាវនាវបែបនេះក្នុងពិធីសំណេះសំណាលជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) ចំនួន២៥នាក់ ជាមួយការផ្តល់អំណោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត កាលពីរសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ នៅសាលារាជធានីភ្នំពេញ មុនពេលចាប់ផ្តើមយុទ្ធនាការបាញ់ថ្នាំសម្លាប់មូស នៅតាមបណ្ដាខណ្ឌទាំង១៤។ នៅដើមឆ្នាំ២០២៥នេះ នៅរាជធានីភ្នំពេញ ពិសេសនៅតាមប្រឡាយ បានកើតមូសជាច្រើន ដែលបានបង្កឱ្យមានហានិភ័យចំពោះសុខុមាលភាពប្រជាពលរដ្ឋ។ ដោយមើលឃើញពីបញ្ហាប្រឈមនេះ អាជ្ញាធររាជធានីភ្នំពេញ សហការជាមួយកងកម្លាំងកងពលតូចលេខ៧០ (ង៧០) បើកយុទ្ធនាការបាញ់សម្លាប់មូសខ្លានៅពេលនេះតែម្ដង ស្របពេលអាជ្ញាធរមូលដ្ឋានខណ្ឌមួយចំនួនបាន និងកំពុងធ្វើសកម្មភាពបាញ់សម្លាប់មូសខ្លានេះជាបន្តបន្ទាប់ហើយដែរ។ យុទ្ធនាការនៅនេះយើងនឹងប្រើប្រាស់រថយន្តរបស់កងកម្លាំងកងពលតូចលេខ៧០ (ង៧០) បាញ់សម្លាប់មូសខ្លា ជាទ្រង់ទ្រាយធំនៅក្នុងមូលដ្ឋានប្រជាពលរដ្ឋរស់នៅ ពិសេសនៅតាមប្រឡាយទឹក។

ក្នុងឱកាសនោះ ឯកឧត្ដមអភិបាលរាជធានីក៏បានណែនាំឱ្យមន្ទីរសុខាភិបាលរាជធានីភ្នំពេញក៏ដូចជាមណ្ឌលសុខភាពទាំងអស់ត្រូវយកចិត្តទុកដាក់បន្តតាមដាន មើលពីសុខុមាលភាពរប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរស់នៅដោយមានអនាម័យ ការពារកុំឱ្យមូសខ្លាខាំ នាំឱ្យឆ្លងជំងឺគ្រុនឈាម។ ចំណែកបងប្អូនប្រជាពលរដ្ឋវិញសូមរាយការណ៍បន្ទាន់មកអាជ្ញាធរខណ្ឌពាក់ព័ន្ធបើទីតាំងណាមួយមានហានិភ័យដោយសារមូសខ្លាឬជំងឺគ្រុនឈាម។

ដើម្បីជាការឆ្លើយតបក៏ដូចជាការអរគុណចំពោះបងប្អូនកងពលតូចលេខ៧០ (ង៧០) ឯកឧត្ដម ឃួង ស្រេង បាននាំយកនូវអំណោយរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនបងប្អូនកងពលតូចលេខ៧០ (ង៧០) ចំនួន២៥នាក់ ដោយក្នុងម្នាក់ៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ៣កេស និងថវិកាចំនួន២០ម៉ឺនរៀល។ យុទ្ធនាការនេះចាប់ផ្ដើមអនុវត្តនៅល្ងាចថ្ងៃទី១៤នេះតែម្ដង ជាមួយការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋឱ្យចេះបង្ការទប់ស្កាត់ជំងឺគ្រុនឈាមផងដែរ។

ទន្ទឹមនឹងនេះ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងថា សម្រាប់ថ្ងៃបើកយុទ្ធនាការនេះ កម្លាំងកងពលតូចលេខ៧០ (ង៧០) សហការជាមួយអាជ្ញាធរខណ្ឌ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ផ្តើមធ្វើសកម្មភាពនៅក្នុងមូលដ្ឋានចំនួន៧ខណ្ឌ គឺ ខណ្ឌមានជ័យ ខណ្ឌសែនសុខ ខណ្ឌពោធិ៍សែនជ័យ ខណ្ឌឫស្សីកែវ ខណ្ឌទួលគោកខណ្ឌបឹងកេងកង និងខណ្ឌដូនពេញ៕

ដោយ សួស សំរិត




