កសិករឃុំស្រះរាំង ស្រុកមង្គលបូរី លក់ស្រូវសែនក្រអូបជូនក្រុមហ៊ុនបៃតង១៣៥០រៀល ក្នុង១គីឡូក្រាម
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តម ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ កសិករចំនួន២៤គ្រួសារ នៅឃុំស្រះរាំង ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ បានប្រមូលផលស្រូវសែនក្រអូប និងលក់ជូនក្រុមហ៊ុនបៃតង ក្នុងតម្លៃចុះកិច្ចសន្យាទុកជាមុន១៣៥០រៀល ក្នុង១គីឡូក្រាម សម្រាប់ស្រូវសើមទិញនៅទីវាល ។

ឯកឧត្តមអនុរដ្ឋលេខាធិការ សង្ឃឹមថា ព័ត៌មានមួយនេះនឹងអាចបង្កើនទំនុកចិត្តបន្ថែមទៀតដល់បងប្អូនកសិករយើង ដែលនៅតែអល់អែករារែក ស្ទាក់ស្ទើរមិនទាន់ហ៊ានសម្រេចចិត្តងាកមករួមគ្នាផលិតស្រូវសែនក្រអូប ក្រោមទម្រង់ជាសហគមន៍កសិកម្មទំនើប ។

សូមបញ្ជាក់ថា ក្រុមហ៊ុនបៃតង គឺជាក្រុមហ៊ុនតែមួយ ដែលនឹងចុះកិច្ចសន្យាធានាទិញស្រូវសែនក្រអូបពីសហគមន៍កសិកម្មទំនើបខ្នាត ៥ ០០០ ហិកតា ដែលគ្រោងនឹងបង្កើតថ្មីនៅខេត្តកំពង់ធំនាពេលខាងមុខនេះ៕


ដោយ ណយ នឿន




