ឯកឧត្តម សរ សុពុត្រា ជំរុញ អាជ្ញាធរ ក្រុង/ស្រុក ទាំងអស់ ត្រូវយកចិត្តទុកដាក់ ខ្ពស់ និង ត្រូវចុះត្រួតពិនិត្យការលក់ របស់អ្នកលក់ តាមសាលារៀន ដើម្បីបង្ការ ការការពារ ជំងឺមិនឆ្លង ដែល កើតលើកុមារមានការកើនឡើង
AKP ស្ទឹងត្រែង ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥– ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សា បង្គន់អនាម័យ និងអណ្តូងទឹក បានប្រសាសន៍គូសបញ្ជាក់ ជំរុញដល់អាជ្ញាធរ ក្រុង/ស្រុក និង អ្នកពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់ និង ត្រូវចុះត្រួតពិនិត្យការលក់ របស់អ្នកលក់ តាមសាលារៀន ដើម្បីបង្ការ ការងារ ជំងឺមិនឆ្លង ដែល កើតលើកុមារមានការកើនឡើង ។ ពិសេសអាហារដែលសំបូរទៅដោយជាតិស្ករខ្លាំង ប្រៃខ្លាំង និងខ្លាញ់ច្រើន ព្រមទាំងគ្រឿងកំប៉ុងជាដើម ។

មានប្រសាសន៍បែបនេះ ក្នុងឱកាស ឯកឧត្តម សរ សុពុត្រា សម្ពោធ ដាក់ឋឱ្យប្រេីប្រាស់ជាផ្លូវការនូវអគារសិក្សាអាយហ្សុិនទី៣ ចំនួន ១ខ្នង មាន ៥បន្ទប់ បង្គន់អនាម័យស្តង់ដារ ១ខ្នង មាន ៣បន្ទប់ និងអណ្តូងទឹកស្អាត ស្ថិតនៅសាលាបឋមសិក្សាវាលដេញ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលជាជំនួយដ៏ថ្លៃថ្លារបស់ក្រុមហ៊ុនអាយហ្ស៊ិនហ្វាម៉ាកូរ៉េ និងអង្គការភ្លែនអន្តរជាតិ នាព្រឹកថ្ងៃទី ១៤ ខែមករា ឆ្នាំ២០២៥នេះ។


លោក យី គឹមថាន នាយករងអង្គការផ្លែនអន្តរជាតិកម្ពុជាប្រចាំប្រទេសកម្ពុជា បានលើកឡើងថា អង្គការភ្លែនអន្តរជាតិ កម្ពុជា គឺជាអង្គការអភិវឌ្ឍន៍មួយដែលផ្តោតសំខាន់លើកុមារ ហើយទុកកុមារជាបេះដូង និងចូលរួម ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍមូលធនមនុស្ស ក្នុងប្រទេសកម្ពុជា ។ គ្រប់គម្រោងកម្មវិធីរបស់អង្គការភ្លែន គឺមានគោលបំណងធ្វើឱ្យមានការប្រសើឡើងនូវការរស់រានមាន ជីវិត ការការពារ ការអភិវឌ្ឍនិង ការចូលរួមរបស់កុមារក្នុងសហគមន៍ និង សង្គមជាតិ។
មានប្រសាសន៍ក្នុងពិធីនោះ ឯកឧត្តម អភិបាលខេត្តស្ទឹងត្រែង បានបញ្ជាក់បន្តថា÷ គុណភាពអប់រំនៅក្នុងប្រទេសកម្ពុជា គឺជាទិសដៅ អាទិភាព មួយរបស់រាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំរបស់ សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ក្នុងចំណុច ការអភិវឌ្ឍមូលធនមនុស្ស ពិសេសជំរុញឱ្យអាណាព្យាបាល កុមារ ត្រូវនាំកូនៗរបស់គាត់ ចូលរៀនឱ្យបានគ្រប់ៗគ្នា និង ត្រូវលើកកម្ពស់គុណភាព អប់រំ ទាំងនៅកម្រិតបឋម ដល់ឧត្តមសិក្សាផងដែរ។

ជាចុងក្រោយ ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានវាយតម្លៃខ្ពស់និងកោតសរសើដល់អង្គការផ្លែនអន្តរជាតិដែលបានតែងតែជួយគាំទ្រអភិវឌ្ឍន៍មូលដ្ឋាននានាក្នុងខេត្តស្ទឹងត្រែង ជាកស្តែងសមិទ្ធផលដែលទទួលបាននាពេលនេះបានបង្ហាញពីការខិតខំប្រឹងប្រែងចូលរួមគាំទ្រអភិវឌ្ឍន៍មូលដ្ឋានពីសំណាក់អង្គការផ្លែនអន្តរជាតិឱ្យមានភាពរីចម្រើនខាងផ្នែកអប់រំឱ្យកាន់តែប្រសើរ។

ជាមួយគ្នានេះ ក្នុងនាមរដ្ឋបាលខេត្តស្ទឹងត្រែង ឯកឧត្តមអភិបាលខេត្តស្ទឹងត្រែង បានថ្លែងអំណរអរគុណ ក្រុមហ៊ុនអាយហ្ស៊ិនហ្វាម៉ាកូរ៉េ ដែលម្ចាស់ជំនួយ ដែលកសាងសាលាបឋមសិក្សាថ្មី វាយដេញ នេះ និង បន្តសហការជាមួយអង្គការផ្លែនអន្តរជាតិនិងអង្គការដៃគូអភិវឌ្ឍន៍នានាដើម្បីចូលរួមអភិវឌ្ឍន៍នៅមូលដ្ឋានខេត្តស្ទឹងត្រែងឱ្យកាន់តែមានការអភិវឌ្ឍរីកចម្រើនទៅមុខបន្តទៅទៀត៕
ដោយ៖ គង់ សិរីរ័ត្ន, ប្រភព៖ AKP-ស្ទឹងត្រែង




