កិច្ចប្រជុំស្តីពីការពិនិត្យ និងវាយតម្លៃការជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំឆ្នាំ២០២៥
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា កាលពីរសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពីការពិនិត្យ និងវាយតម្លៃការជ្រើសរើសសាលារៀនគំរូសម្រាប់សន្និបាតអប់រំឆ្នាំ២០២៥ ខណៈដែលគោលដៅគាំទ្រការអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត ក្រសួងបានចេញសេចក្តីណែនាំស្តីពីការអនុវត្តស្តង់ដាសាលារៀនគំរូ ប្រកាសស្តីពីការដាក់ឱ្យអនុវត្តស្តង់ដាសាលារៀនគំរូ ការបង្កើតគណៈកម្មការដឹកនាំ និងគណៈកម្មការបច្ចេកទេសអនុវត្តស្តង់ដាសាលារៀនគំរូទាំងបីកម្រិត បង្កើតក្រុមការងារចុះជួយគាំទ្រតាមតំបន់ទាំង៥ ដែលមានសមាសភាពចម្រុះពីថ្នាក់ជាតិ ថ្នាក់រាជធានី ខេត្ត គ្រូប្រឹក្សាគរុកោសល្យ គ្រូឧទ្ទេស នាយកល្អ គ្រូបង្រៀនល្អ ព្រមទាំងអ្នកឯកទេសនានា។

ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា ក៏បានអភិវឌ្ឍឯកសារ និងឧបករណ៍គាំទ្រនានាក្នុងការអនុវត្តសាលាគំរូ ដើម្បីផ្តល់ជូនសាលារៀន និងអ្នកពាក់ព័ន្ធតាមគ្រប់ទិដ្ឋភាព។ ក្រុមការងារគាំទ្រសាលារៀន និងសាលាគោលដៅក៏បានកំណត់បញ្ហារួមគ្នា ដើម្បីរៀបចំផែនការសកម្មភាពជាក់លាក់ចុះជួយគាំទ្រសាលារៀនដោយប្រើប្រាស់កម្លាំងសរុប និងធនធានសរុប តាមរយៈការគាំទ្រពីគ្រប់ប្រភពមានដូចជា គម្រោង USESDP-2, STEP UP, GEIP និងថវិកាកម្មវិធីជាដើម។

ដើម្បីលើកកម្ពស់ប្រសិទ្ធភាព និងប្រសិទ្ធផលការងារ ឯកឧត្តមបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី ក្នុងកិច្ចប្រជុំនេះបានផ្តល់អនុសាសន៍ដូចជា ទី១) ត្រូវប្រជុំក្រុមការងារជំនាញវាយតម្លៃលើឯកសារជាមុនដើម្បីឱ្យច្បាស់លើគោលការណ៍ និងទិន្នន័យ ហើយរៀបចំក្រុមការងារ និងយន្តការចុះទៅមើលតាមសាលារៀនដោយផ្ទាល់ ដោយត្រូវមានឯកសារយោងឱ្យច្បាស់លាស់ និងពេញលេញ ភ្ជាប់ជាមួយនូវព្រឹត្តិប័ត្រព័ត៌មាន និងរូបថតសាលារៀន និងទី២) ពិនិត្យវិភាគលើរបាយការណ៍នៃការវាយតម្លៃសាលារៀននីមួយៗ និងត្រូវរៀបចំជារបាយការណ៍លម្អិត ដើម្បីលើកកម្ពស់សុក្រឹតភាពមុនធ្វើការអនុម័តសម្រេច។

គួរបញ្ជាក់ដែរថា កាលពីសន្និបាតអប់រំខែមេសាឆ្នាំ២០២៤ ក្រសួងអប់រំ យុវជន និងកីឡាបានវាយតម្លៃ និងទទួលស្គាល់សាលារៀនគំរូចំនួន១២០ ក្នុងនោះមត្តេយ្យសិក្សាចំនួន១០ បឋមសិក្សាចំនួន៤០ អនុវិទ្យាល័យចំនួន១៥ និងវិទ្យាល័យចំនួន៥៥ និងបានបន្តកំណត់សាលារៀនគោលដៅចំនួន៣៦៦ ក្នុងនោះសាលាមត្តេយ្យសិក្សាចំនួន៣៩ សាលាបឋមសិក្សាចំនួន១៧៥ និងសាលាមធ្យមសិក្សាចំនួន១៥២ ដើម្បីជាប់ស្តង់ដាសាលារៀនគំរូសម្រាប់សន្និបាតអប់រំនាខែកុម្ភៈ ឆ្នាំ២០២៥ ខាងមុខចំនួន១៣០សាលារៀនថែមទៀត៕
ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងអប់រំ)




