មន្រ្ដីជាន់ខ្ពស់ក្រសួងយុត្តិធម៌ គូសបញ្ជាក់ថា ជនល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង ក្នុងនោះមិនមែនឱ្យតែថាមានសំណងហើយរួចខ្លួនទេ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែ មករា ឆ្នាំ ២០២៤--មន្រ្តីជាន់ខ្ពស់ក្រសួងយុត្តិធម៌បានគូសបញ្ជាក់ថា ការប្រព្រឹត្តបទល្មើសគ្រោះថ្នាក់ចរាចរណ៍ ជនល្មើសត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង ដែលក្នុងនោះ មិនអាចយកថវិកាប្តូរជាមួយការរួចខ្លួនឡើយ ពោលគឺជនល្មើសត្រូវតែទទួលខុសត្រូវទាំងសំណង និងបទល្មើសព្រហ្មទណ្ឌជាចាំបាច់។ នេះគឺជាការថ្លែងបញ្ជាក់របស់ ឯកឧត្តម សេង ឌីណា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្ដិធម៌ ក្នុងសន្និសីទសារព័ត៌មានស្តីពី “លទ្ធផល រយៈពេល១ ឆ្នាំ នៃការអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យ និងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ” នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួងយុត្ដិធម៌។

ឯកឧត្តម សេង ឌីណា បានលើកឡើងថា មុនបើកយុទ្ធនាការ២នេះគឺ យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ គឺសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ១ ០៤១ ករណី ត្រូវតុលាការរាជធានី ខេត្តដោះស្រាយរួចរាល់១០០ភាគរយ ចាប់តាំងតែពីខែ វិច្ឆិកា ឆ្នាំ ២០២៤។ ចំណែកសំណុំរឿងដែលចូលថ្មីក្រោយប្រកាសយុទ្ធនាការមានចំនួនសរុប ៥ ៤៧០ ករណី ត្រូវបានតុលាការដោះស្រាយចប់សព្វគ្រប់បាន ៨៧,៨៨ភាគរយ។ ឯកឧត្ដមបាន បន្ដថា បើសរុបសំណុំរឿងចរាចរណ៍ទូទាំងប្រទេស ទាំងរឿងចាស់ និងថ្មី ៦ ៥១១ ករណី ត្រូវបានដោះស្រាយចប់សព្វគ្រប់ ៥ ៨៤៨ ករណី ដែលស្មើនឹង៨៩,៨២ភាគរយ ហើយនៅសល់ត្រឹមតែ ១០,១៨ ភាគរយ ដែលកំពុងចាត់ការ។ ឯកឧត្តមរដ្ឋលេខាធិការបានថ្លែងឱ្យដឹងដែរថា គណៈបញ្ជាការពិនិត្យឃើញថាការដោះស្រាយសំណងក្នុងសំណុំរឿងគ្រោះថ្នាក់ចរាចរណ៍ដល់ជនរងគ្រោះ គឺត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់។ ឯកឧត្ដមបញ្ជាក់ថា ចំពោះជនល្មើសដែលបង្កគ្រោះថ្នាក់ចរាចរណ៍ត្រូវតែទទួលខុសត្រូវតាមផ្លូវច្បាប់យ៉ាងតឹងរឹង ក្នុងនោះមិនមែនឱ្យតែថាមានសំណងរដ្ឋប្បវេណីហើយរួចខ្លួនទេ ពោលគឺសងទាំងសំណងរដ្ឋប្បវេណី និងបទល្មើសព្រហ្មទណ្ឌនៅតែទទួលរងមិនអាចចៀសផុតឡើយ។ ឯកឧត្ដមបានអះអាងថា៖ «មិនមែនបុកគេស្លាប់ហើយចេញសំណងទៅ រួចខ្លួនទៀតទេ បន្ទាប់ពីបើកយុទ្ធនាការ២គឺ យុទ្ធនាការជំរុញ និង ពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ និងយុទ្ធនាការត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការនេះមក។ យើងឃើញថាមានករណីច្រើនដែរ ជនល្មើសដែលបង្កគ្រោះថ្នាក់ហើយមានសុឆន្ទៈចេញសំណងដល់ជនរងគ្រោះឆាប់រហ័សនោះមានច្រើន បើទោះដឹងថាមានសំណងហើយ នៅតែទទួលរងបណ្តឹងព្រហ្មទណ្ឌបែបណាក៏ដោយ»។

បើយោងតាមរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងសាធារណការនិងដឹកជញ្ជូននាពេលថ្មីៗនេះបានឱ្យដឹងថា ក្នុងរយៈពេលពេញ ១ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកចំនួន ២ ៨៤៤ លើក ដោយបានបង្កឱ្យមានមនុស្សស្លាប់ចំនួន ១ ៥០៩ នាក់។ តាមរយៈរបាយការណ៍នេះ ចំនួនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ បានថយចុះចំនួន ១៤ភាគរយ បើធៀបនឹងឆ្នាំ ២០២៣។ ក្នុងរបាយការណ៍ក៏បានបង្ហាញផងដែរថា មានមនុស្សស្លាប់ជាមធ្យមចំនួន ៤នាក់ ក្នុងមួយថ្ងៃនៅក្នុងហេតុការណ៍ជួបគ្រោះថ្នាក់ចរាចរណ៍។ ចំណែកមូលហេតុចម្បងៗដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកក្នុងឆ្នាំ២០២៤ ច្រើនជាងមកពីកត្តាល្បឿន និងការមិនគោរពសិទ្ធិជាដើម៕

ដោយ៖ ដេប៉ូ




