សម្ដេចតេជោ ហ៊ុន សែន៖ ការកាន់តំណែងដឹកនាំរដ្ឋ ទាំងរាជរដ្ឋាភិបាល រហូតមកព្រឹទ្ធសភានាពេលនេះមាន រយៈពេល៤៦ឆ្នាំហើយ
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥--សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាមានប្រសាសន៍ថា សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរាជរដ្ឋាភិបាល រហូតមកព្រឹទ្ធសភានាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ(១៩៧០-២០២៥)។

នៅលើបណ្ដាញទំនាក់ទំនងសង្គម នាព្រឹកថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥ សម្ដេចតេជោបានសរសេរថា៖ «ថ្ងៃនេះជាខួបលើកទី៤០ឆ្នាំដែលសភាបោះឆ្នោតឱ្យខ្ញុំកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលពេលនេះហៅថានាយករដ្ឋមន្ត្រី (១៤មករា១៩៨៥-១៤មករា២០២៥) បន្ទាប់ពីបំពេញតួនាទីជាប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រីស្តីទី ពីខែកញ្ញា ឆ្នាំ១៩៨៤ ពេលអតីតនាយករដ្ឋមន្រ្តី ចាន់ ស៊ី ទៅព្យាបាលជំងឺនៅទីក្រុងមូស្គូ និងទទួលមរណភាពនាខែធ្នូ១៩៨៤»។ សម្ដេចតេជោបន្តថា មុនកាន់តំណែងជានាយករដ្ឋមន្ត្រី ខ្ញុំកាន់តំណែងជារដ្ឋមន្ត្រីក្រសួងការបរទេសពីខែមករា១៩៧៩ ដល់ខែមិថុនា ១៩៨១ ក្នុងវ័យ២៧ឆ្នាំ។ ខែមីនា១៩៨១ក្នុងវ័យ២៩ឆ្នាំ ខ្ញុំ កាន់តំណែងជាអនុប្រធានក្រុមប្រឹក្សារដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេស និងកាន់តំណែងជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីក្នុងវ័យ៣២ឆ្នាំ ដែលអាចចាត់ទុកជារដ្ឋមន្ត្រី ជាឧបនាយករដ្ឋមន្ត្រីនិង ជានាយករដ្ឋមន្ត្រី ដែលក្មេងជាងគេនាពេលនោះ។ សម្ដេចតេជោបានលើកឡើងថា សរុបនៃការកាន់តំណែងដឹកនាំរដ្ឋទាំងរដ្ឋាភិបាលរហូតមកព្រឹទ្ធសភានាពេលនេះ មានរយៈពេល៤៦ឆ្នាំហើយ និងប្រសិនបើគិតទាំងការតស៊ូប្រឆាំងការឈ្លានពានរបស់បរទេស និងប្រឆាំងរបបប្រល័យពូជសាសន៍ ប៉ុល ពត គឺមានរយៈពេល៥៥ឆ្នាំ(១៩៧០-២០២៥)។

សម្ដេចតេជោគូសបញ្ជាក់ថា ជាងពាក់កណ្តាលសតវត្សរ៍នៃដំណើរជីវិត ការលំបាកបានគ្របដណ្តប់មិនតិចជាង៩០ភាគរយនោះឡើយ។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា៖ «ខ្ញុំនៅចងចាំពាក្យដែលខ្ញុំថ្លែងក្នុងសភាក្រោយជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីថា (មិនត្រូវទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយអត់បាយ ដែលយើងមិនបានដឹងនិងមិនបានដោះស្រាយនោះឡើយ)។ មូលហេតុដែលខ្ញុំលើកឡើងបែបនេះ ដោយសាររដូវវស្សាឆ្នាំ១៩៨៤មានទឹកជំនន់ផង និងរាំងស្ងួតផង ដែលធ្វើឱ្យប្រជាជនខ្វះស្បៀងយ៉ាងធ្ងន់ធ្ងរ។ អាទិភាពនៃការងារដំបូងរបស់ខ្ញុំ គឺដោះស្រាយស្បៀងជូនប្រជាជន ដែលនេះគឺជាមូលហេតុមួយដែលជំរុញឱ្យខ្ញុំធ្វើការកែទម្រង់សេដ្ឋកិច្ចដោយចាប់ផ្តើមពីការកែទម្រង់ដីធ្លី គឺផ្តល់កម្មសិទ្ធិដីជូនប្រជាជន។ ខ្ញុំសូមបង្ហាញរូបថតពីអាយុ១៩ឆ្នាំ ២១ឆ្នាំ ២៦ឆ្នាំ ៣២ឆ្នាំនិងចុងក្រោយ៧២ឆ្នាំដើម្បីយល់ដឹងបន្ថែមពីដំណើរជីវិតរបស់ខ្ញុំ»៕



ដោយ៖ ជឹម ណារី




