លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា ទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥-- លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ កាលពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ បានអនុញ្ញាតឱ្យឯកឧត្តម Ali Akbar Nazari ឯកអគ្គរដ្ឋទូតឥស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ចូលជួបសម្តែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យវប្បធម៌ នៅទីស្តីការក្រសួងវប្បធម៌។

ក្នុងជំនួបពិភាក្សាការងារនេះ ឯកឧត្តមឯកអគ្គរដ្ឋទូតបានមានប្រសាសន៍អំពីគម្រោងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដូចជា ការរៀបចំសប្ដាហ៍ភាពយន្ដអ៊ីរ៉ង់ និងពិព័រណ៍សិប្បកម្មនៅកម្ពុជា។ បន្ថែមពីនេះ អ៊ីរ៉ង់មានបំណងផ្ដល់អាហារូបករណ៍ជូនដល់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានទៅសិក្សាលើជំនាញផ្នែកសិល្បៈ នៅសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់។

ជាការឆ្លើយតប លោកជំទាវបណ្ឌិតសភាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះឯកឧត្តមឯកអគ្គរដ្ឋទូត និងគាំទ្រគំនិតផ្ដួចផ្ដើមលើវិស័យវប្បធម៌កម្ពុជា-អ៊ីរ៉ង់ ព្រមទាំងស្វាគមន៍សម្រាប់ការសហការនានា ដែលជាការផ្សព្វផ្សាយ និងការផ្លាស់ប្ដូរសិល្បៈវប្បធម៌រវាងប្រទេសទាំងពីរផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ ក្រសួងវប្បធម៌)




