ឯកឧត្តម អ៊ុន ចាន់ដា៖ ឆ្នាំ២០២៥ កំណើននៃទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមនឹងកើនដល់ជាង២៨៦៧លានដុល្លារ
AKP កំពង់ចាម ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានលើកឡើងថា តាមការព្យាករណ៍នៅឆ្នាំ២០២៥នេះ កំណើននៃទំហំសេដ្ឋកិច្ចរបស់ខេត្តកំពង់ចាមនឹងកើនដល់ជាង២៨៦៧លានដុល្លារ ក្នុងចក្ខុវិស័យរបស់យើង ជំរុញធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋយើងម្នាក់ៗអាចរកចំណូលជាមធ្យមប្រចាំឆ្នាំមានប្រមាណ២៤៧៣ដុល្លារ ដែលឆ្នាំ២០២៤ដែលខេត្តកំពង់ចាមយើងសម្រេចបាននូវទំហំសេដ្ឋកិច្ចខេត្តមានប្រមាណជា២៦៩៧លានដុល្លារ ហើយប្រជាពលរដ្ឋម្នាក់ៗអាចរកប្រាក់ចំណូលប្រចាំឆ្នាំបានជាង២៣១១ដុល្លារ។ ឯកឧត្តមលើកឡើងដូច្នេះក្នុងពិធីបើកអង្គសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥របស់រដ្ឋបាលខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា មានកត្តាចំនួន៤ដែលធ្វើឱ្យខេត្តរក្សានូវកំណើនសេដ្ឋកិច្ចបានដោយទី១. រក្សាបានសុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈឱ្យបានកាន់តែល្អថែមទៀត។ ទី២. បន្តជំរុញការអភិវឌ្ឍខេត្ត និងកៀរគរ បង្កើនឱកាសវិនិយោគក្នុងខេត្តរបស់យើងដោយធ្វើការប្រទាក់ក្រឡា ចាប់ដៃគូជាមួយសហគ្រិន ដៃគូឧស្សាហកម្ម ពាណិជ្ជកម្មរបស់យើង ដើម្បីបង្កើនឱកាសការងារ និងមុខរបរជូនប្រជាពលរដ្ឋរបស់យើង។ ទី៣. ជំរុញ និងពង្រឹងបន្ថែមទៀតនូវប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈក្នុងឆ្នាំ២០២៥នេះ។ ទី៤. រក្សាបាននូវស្ថេរភាពនៃតួនាទីម៉ាក្រូផ្នែកអតិផរណា។ ទាំងនេះគឺកត្តាចម្បងបំផុតដែលយើងទទួលបាននូវកំណើនសេដ្ឋកិច្ចរបស់ខេត្តក្នុងឆ្នាំ២០២៥នេះ៕

ដោយ ឆាយ ម៉ុត




