រដ្ឋបាលខេត្តកំពង់ចាមរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥
AKP កំពង់ចាម ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥--
រដ្ឋបាលខេត្តកំពង់ចាមធ្វើសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ ក្រោមអធិបតីភាពរបស់ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្ដម សួស ឡា ប្រធានសាលាដំបូងខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមជំទាវជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត ប្រធានអនុប្រធានមន្ទីរជុំវិញខេត្ត មេបញ្ជាការនៃកងកម្លាំងទីបី ព្រមទាំងអាជ្ញាធរក្រុង ស្រុកទាំង១០។

ថ្លែងក្នុងពិធីបើកសន្និបាត ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានមានប្រសាសន៍ថា ការធ្វើសន្និបាតនេះគឺ ដើម្បីចូលរួមគ្នាធ្វើការវាយតម្លៃឆ្លុះបញ្ចាំងពីលទ្ធផលការងារ ដែលយើងសម្រេចបាន ក្នុងរយៈពេលមួយឆ្នាំ២០២៤ អ្វីជាបញ្ហាប្រឈមដែលយើងជួបប្រទះ និងដកស្រង់មេរៀនបទពិសោធន៍ នៃការបំពេញតួនាទី ភារកិច្ច សំដៅឆ្លើយតបនឹងគោលនយោបាយ លិខិតបទដ្ឋានគតិយុត្តិរបស់រាជរដ្ឋាភិបាល ព្រមទាំងការឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងខេត្តកំពង់ចាម ឱ្យបានទាន់ពេលវេលា ក្នុងចក្ខុវិស័យរួមគឺ ការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋពិសេសការត្រួតពិនិត្យលទ្ធផលការងារការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ក្នុងខេត្តកំពង់ចាម និងលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ ២០២៥របស់គណៈកម្មាធិការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ចាមផងដែរ។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា គោលបំណងនៃការធ្វើសន្និបាតគឺផ្តោតទៅលើការងារ៣សំខាន់ដែលជាអាទិភាពរបស់រដ្ឋបាលខេត្ត គឺទី១. រក្សានូវកំណើនសេដ្ឋកិច្ចរបស់ខេត្ត ក្នុងចក្ខុវិស័យឆ្នាំ២០២៥ ដោយព្យាករណ៍ធ្វើយ៉ាងណាទំហំនៃកំណើនសេដ្ឋកិច្ចខេត្តក្នុងទំហំទឹកប្រាក់ប្រមាណជាង២៨៦៧លានដុល្លារហើយចំណូលរបស់ប្រជាពលរដ្ឋយើងម្នាក់ៗប្រចាំឆ្នាំ ២០២៥មានប្រមាណ ២៤៧៣ដុល្លារដែលឆ្នាំ២០២៤ដែលខេត្តសម្រេចបានទំហំសេដ្ឋកិច្ចខេត្តមានប្រមាណជា២៦៩៧លានដុល្លារ ហើយចំណូលសម្រាប់ប្រជាពលរដ្ឋម្នាក់ៗមានប្រមាណ២៣១១ដុល្លារ។ ទី២. គឺការរៀបចំនូវយុទ្ធសាស្ត្រ ក្នុងការចូលរួមជាមួយរាជរដ្ឋាភិបាល ដើម្បីដកខ្លួនចេញជាប្រទេសដែលមានការអភិវឌ្ឍតិចតួចនៅក្នងចុងឆ្នាំ២០២៩ តើរដ្ឋបាលខេត្តត្រូវធ្វើអ្វីខ្លះក្នុងនាមចូលរួមជាមួយរាជរដ្ឋាភិបាលដើម្បីសម្រេចបាននូវយុទ្ធសាស្ត្រដកខ្លួនចេញពីប្រទេសអភិវឌ្ឍន៍តិចតួចនៅចុងឆ្នាំ២០២៩។ ទី៣. ចក្ខុវិស័យនៅឆ្នាំ២០៣០គឺធ្វើយ៉ាងណាសម្រេចឱ្យបានជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ ដូចនេះរដ្ឋបាលខេត្តត្រូវធ្វើយ៉ាងណាដើម្បីសម្រេចបានចក្ខុវិស័យនេះ។

ឯកឧត្តមអភិបាលខេត្តបានធ្វើការណែនាំដល់សមាជិក សមាជិកាអង្គសន្និបាត យកចិត្តទុកដាក់ និងចូលរួមការពិភាក្សា ក៏ដូចជាចែករំលែកបទពិសោធន៍ និងបញ្ហាប្រឈម សំដៅរួមគ្នាដោះស្រាយ និងចាត់អាទិភាពក្នុងទិសដៅបន្តសម្រាប់ឆ្នាំបន្ទាប់ ដោះស្រាយប្រកបដោយស្មារតីទទួលខុសត្រូវ ចំពោះការអនុវត្តតួនាទី និងភារកិច្ចរបស់រដ្ឋបាលគ្រប់ជាន់ថ្នាក់ ក្នុងការឆ្លើយតប និងដោះស្រាយទាន់ពេលវេលា ចំគោលដៅប្រកបដោយប្រសិទ្ធភាព ធ្វើយ៉ាងណាការពិភាក្សាឱ្យបានល្អិតល្អន់ ស៊ីជម្រៅ ដើម្បីស្វែងយល់ពីឧបសគ្គ ការលំបាក បទពិសោធន៍ល្អៗ និងរិះរកវិធីសាស្ត្រ ដោះស្រាយប្រកបដោយប្រសិទ្ធភាព និងមានលទ្ធផលល្អ ដើម្បីបង្កើនជំនឿទុកចិត្តពីប្រជាពលរដ្ឋលើការដឹកនាំរបស់អាជ្ញាធរ និងសមត្ថកិច្ចជំនាញ ជាពិសេសការផ្តល់ទំនុកចិត្ត និងការគាំទ្ររបស់ប្រជាពលរដ្ឋលើមាគ៌ាដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខរាជរដ្ឋាភិបាល៕
ដោយ ឆាយ ម៉ុត




