មនុស្ស ១៥នាក់ស្លាប់ និង ៦៧នាក់រងរបួសនៅក្នុងការផ្ទុះនៅស្ថានីយ៍ឧស្ម័ននៅប្រទេសយេម៉ែនភាគខាងត្បូង
AKP ភ្នំពេញ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៥ -- យ៉ាងហោចណាស់មានមនុស្ស ១៥នាក់បានស្លាប់និង ៦៧នាក់ផ្សេងទៀតបានរងរបួសកាលពីថ្ងៃអាទិត្យ ដោយសារការផ្ទុះជាបន្តបន្ទាប់នៅក្នុងខេត្តអាល់-បេយដា (Al-Bayda) នៅប្រទេសយេម៉ែនភាគខាងត្បូង។ នេះបើយោងតាមក្រសួងសុខាភិបាលរបស់រដ្ឋាភិបាលដឹកនាំដោយក្រុមឧទ្ទាមហ៊ូធីដែលអន្តរជាតិមិនទទួលស្គាល់។
ក្រសួងនោះបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មនុស្ស៤០នាក់ផ្សេងទៀតស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
កាលពីថ្ងៃសៅរ៍សប្តាហ៍មុន វេទិកាប្រព័ន្ធផ្សព្វផ្សាយរបស់ក្រសួងមហាផ្ទៃបាននិយាយថាការផ្ទុះនេះបានកើតឡើងនៅតំបន់ណាស់សេហ្វា នៃស្រុកអាល់-ហ្សាហៀ។
អ្នកនាំពាក្យរដ្ឋាភិបាលក្រុមហ៊ូធី លោក ហាស់ស្សេម សារ៉ាហ្វូដឌីន(Hashem Sharafuddin) បាននិយាយថា កងកម្លាំងសន្តិសុខកំពុងស៊ើបអង្កេតយ៉ាងសកម្មចំពោះឧប្បត្តិហេតុនេះ បើទោះបីជាមិនមានព័ត៌មានលម្អិតបន្ថែមក៏ដោយ។
វត្តមាននៃស្ថានីយ៍ឧស្ម័នជាច្រើននៅក្នុងតំបន់លំនៅដ្ឋាននៅទូទាំងប្រទេសយេម៉ែន បាននាំឱ្យមានគ្រោះថ្នាក់ម្តងហើយម្តងទៀត។
ប្រទេសយេម៉ែននៅតែជះឥទ្ធិពលយ៉ាងខ្លាំងចំពោះសង្គ្រាមស៊ីវិលដែលអូសបន្លាយពេលយូរ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ និងបន្សល់ទុកមនុស្សរាប់លាននាក់ដែលទទួលរងទុក្ខពីវិបត្តិមនុស្សធម៌៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





